ព័ត៌មានទាន់ហេតុការណ៍៖

ព្រះភិក្ខុផលត្ថេរោ កុល ផេង សាងផ្នួស នាថ្ងៃទី៧ ខែមេសា !

ចែករំលែក៖

«បើមិនរកពេលស្ងប់ស្ងាត់ដើម្បីពិចារណាធម៌ទេ យើងចេះតែវង្វេងទៅមុខ មិនបានយល់អ្វីនូវសច្ចធម៌»។ នេះជាសង្ឃដីការបស់ព្រះភិក្ខុផលត្ថេរោ កុល ផេង ក្នុងថ្ងៃសាងផ្នួស នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។ 

លោកតាបណ្ឌិត កុល ផេង ស្ថាបនិកនិងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា បានចូលសាងផ្នួសក្នុងការបំពេញកិច្ចភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនានៅអាយុ៩១ឆ្នាំ ក្រោយខកខានក្នុងវ័យ២៥ឆ្នាំ, ៥០ឆ្នាំ ឬ៦០ឆ្នាំ ដោយសារកិច្ចការដ៏មមាញឹក។ 

ព្រះភិក្ខុដែលជាអតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា បានមានសង្ឃដីកាថា ព្រះអង្គត្រូវការរៀនសូត្រច្រើន ហើយនឹងព្យាយាមធ្វើចិត្តឱ្យស្ងប់ ខិតខំរៀនសូត្រព្រះធម៌ ឱ្យចេះចាំដើម្បីចែករំលែកដល់ញាតិញោម នាថ្ងៃក្រោយ។ 

ជានិច្ចកាលលោកតាបណ្ឌិត កុល ផេង ស្ថាបនិក និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានផ្តាំផ្ញើដល់និស្សិតទើបបញ្ចប់ការសិក្សាទាំងអស់ ត្រូវយកចំណេះដឹងដែលសាលាក៏ដូចជាលោកគ្រូអ្នកគ្រូផ្តល់ឱ្យ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់សង្គមជាតិ។

លោកតាបណ្ឌិតមានប្រសាសន៍ថា៖ «និស្សិតជ័យលាភីទាំងអស់ ដែលបានប្រឹងប្រែងហាត់ពត់លត់ដំខ្លួន និងយកចំណេះដឹងទាំងអម្បាលមាណចូលរួមបម្រើការងារតាមបណ្តាអង្គភាពស្ថាប័ននានាឱ្យស្របតាមចំណេះជំនាញសមត្ថភាពរបស់ខ្លួន ហើយត្រូវចេះកោតក្រែងគោរពឱនលំទោនជាមួយអ្នកមានគុណ ចាស់ព្រឹទ្ឋាចារ្យ ត្រូវចេះ គោរពដឹងគុណចំពោះព្រះពុទ្ធសាសនា គោរពព្រះមហាក្សត្រ និងគោរពដឹងគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសជាតិឱ្យមានសន្តិភាពនិងភាពរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសការដឹងគុណចំពោះលោកគ្រូអ្នកគ្រូដែលខិតខំផ្ទេរចំណេះវិជ្ជាទៅដល់និស្សិតទាំងនោះ»៕

ដោយ ៖ សិលា


ចែករំលែក៖