ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ និងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់១៧ ខែមេសា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង លោក លោកស្រី អភិបាល នៃគណៈអភិបាលខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំង៣ និងមន្រ្តីរាជការជាច្រើនរូបផងដែរ។ 

គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០)  និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស .២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ស្ពាននេះជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពានសរុបចំនួន៣២ ដែលសាងសង់សម្រេចបាន៩៨% មានប្រវែង៥៣៧ម កម្ពស់៩០ម(ដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាងមានប្រវែង១០ម និងចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប១៥ម(ក្នុងប្រវែងសរុប១០ម ពង្រីកម្ខាង ២,៥ម)៕

ដោយ ៖ សិលា


ចែករំលែក៖