ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា រំពឹងថា ឆ្នាំ២០២៥នេះ នឹងទទួលបានភ្ញៀវទេសចរចិនជាង១លាននាក់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់ ខណៈដែលប្រទេសចិនមានប្រជាជនច្រើន នាំឱ្យប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ។ 

 ការលើកឡើងបែបនេះ ក្នុងឱកាសលោកជំទាវអញ្ជើញចូលរួម វេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។

លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ បានធ្វើឱ្យចិន និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ នៅលើវិស័យទេសចរណ៍ ។ តួរយ៉ាង ប្រទេសទាំងពីរ បានរួមគ្នាបង្កើតជាវេទិកាទេសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងប្រទេសចិន ពិពរណ៌ទេសចរណ៍ ការផលិតនៅកម្មវិធីផ្សព្វផ្សាយទេចរណ៍រួមគ្នា កម្ពុជា-ចិន ព្រមទាំងការផ្លាស់ប្តូរវេទិកាផ្លាស់ប្តូរយោបល់ រវាងអ្នកជំនាញទេសចរណ៍ មន្ត្រីនៅក្នុងក្របខណ្ឌវិស័យទេសចរណ៍ ក៏ដូចជាអ្នកធុរកិច្ច នៅក្នុងវិស័យទេសចរណ៍ ។

លោកស្រីអ្នកនាំពាក្យ បានរំលឹកថា ផ្តើមពីឆ្នាំ២០០០មក កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ចំនួនជាង៣ម៉ឺននាក់ តែពីមួយឆ្នាំទៅមួយឆ្នាំ កិច្ចសហប្រតិបត្តិការលើវិស័យវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ បាននាំមកនូវកំណើនទេសចរណ៍ចិន ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៩ កម្ពុជា ទទួលបានទេសចរណ៍ចិន ចំនួន២លាន៤សែននាក់ ដែលជាកំណើនមួយគួរឱ្យកត់សម្គាល់ កើតចេញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសនោះ កិច្ចសហប្រតិបត្តិការជិទស្និទ រឹងមាំ និងយូរអង្វែងនៃប្រទេសទាំងពីរផងដែរ ។ ដោយឡែកនៅក្នុងឆ្នាំ២០២៤ ដោយសារតែកម្ពុជា ក៏ដូចជាប្រទេសនានានៅក្នុងតំបន់ និងលើពិភពលោក ទើបតែបានរួចផុត ឬងើបឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ១៩ ធ្វើឱ្យចំនួនភ្ញៀវទេសចរចិន មកកាន់កម្ពុជា មានចំនួនតែជាង៨៤ម៉ឺននាក់ ។

ពីចំនួនភ្ញៀវទេសចរចិន ជាង២លាន៤សែននាក់ ក្នុងឆ្នាំ២០១៩ ធ្លាក់មកនៅត្រឹមតែ៨៤ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ត្រូវបានលោកជំទាវ បញ្ជាក់ថា ដោយសារកត្តាអន្តរកាលនៃវិបត្តិនៃជំងឺកូវីដ១៩ ដែលនាំឱ្យចំនួនភ្ញៀវទេសចរចិន មានការធ្លាក់ចុះយ៉ាងគំហុក ខណៈដែលភ្ញៀវទេសចរអន្តរជាតិ ពីបណ្តាប្រទេសផ្សេងៗទៀត ក៏មានការធ្លាក់ចុះដូចគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖