ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែមេសា ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា បើតាមការប្រកាសផ្សាយប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នឹងត្រូវធ្វើឡើងនាថ្ងៃ២០ មេសា ខាងមុខនេះ តាមរយៈអេបម៉ូលបាលរបស់គ.ជ.ប ។ ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស មានរយៈពេល២៦ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
សម្តេចបញ្ជាក់ថា៖ « ក្នុងន័យនេះខ្ញុំសូមអំពាវនាវរបស់ប្រជាពលរដ្ឋខ្មែរសូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលកំណត់ និងអនុវត្តសិទ្ធិកាតព្វកិច្ចជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញរបស់យើង ដើម្បីចូលរួមនៅក្នុងការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋរបស់យើង”។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានលើកឡើងថា ដោយអនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោត មានគុណភាពខ្ពស់ ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
សូមបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ជាដំណាក់កាលដំបូង និងមានសារៈសំខាន់ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ ដែលមិនអាចខ្វះបាន ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន៕
ដោយ ៖ សិលា