ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលខេត្តជាប់ព្រំដែនទាំងអស់ជាមួយប្រទេសថៃត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហា សូមជម្រាប លោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នឹងប្រព្រឹត្តទៅរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរជាច្រើនដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ តែងតែ ធ្វើដំណើរឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញសំដៅឆ្ពោះទៅកាន់ស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំជាមួយ ក្រុមគ្រួសារសាច់ញាតិ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអាចត្រឡប់ទៅប្រទេសថៃវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ស្ថានភាពនេះអាចនឹងបង្កឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ឬមានការរង់ចាំយូរក្នុងការបំពេញបែបបទនិងនីតិវិធីសម្រាប់ការឆ្លងដែន។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើសេចក្តីជូនដំណឹងបញ្ជាក់អំពីការ សម្រេចរបស់រដ្ឋាភិបាលថៃពីការលើកលែងថ្លៃទិដ្ឋាការចេញចូល (Re-Entry Permit) ដល់ពលករខ្មែរ ឡាវ និង មីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅនិងធ្វើការស្របច្បាប់ក្នុងប្រទេសថៃ អាចចេញចូលឆ្លងដែនបានចំនួនមួយដង ដោយពុំបង់កម្រៃសេវាពាក់ព័ន្ធ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ក្នុងន័យនេះ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូល ឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួង មហាផ្ទៃសូមធ្វើការណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការ មួយចំនួនដូចខាងក្រោម៖

– ត្រូវពិនិត្យ និងវាយតម្លៃនូវស្ថានភាពរួមនៃការចេញចូលឆ្លងដែនក្នុងអំឡុងពេលមុននិង ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចាត់វិធានការឱ្យបានសមស្របដើម្បី ធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមច្រកទ្វារព្រំដែននីមួយៗឱ្យបានល្អប្រសើរ

– ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ដោយអាចធ្វើការបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញ ចូលឆ្លងដែន ឬអាចពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាម ស្ថានភាពជាក់ស្តែង

– ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន

– ត្រៀមរៀបចំកងកម្លាំងមានសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍ និងជួយសម្របសម្រួលដល់ ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណី ជាក់ស្តែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើងជាយថាហេតុ

– ធ្វើការណែនាំ និងជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមផ្តល់កិច្ចសហការរក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឱ្យនៅដដែល ដោយពុំឱ្យមានការដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សហការ និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីថៃអំពីការលើកលែងថ្លៃ ទិដ្ឋាការចេញចូល (Re-Entry Permit) ជូនប្រជាពលរដ្ឋខ្មែរនៅពេលចេញចូលឆ្លងដែន ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលើកលែងថ្លៃទិដ្ឋាការនេះជូនប្រជា ពលរដ្ឋខ្មែរ

ក្នុងករណីចាំបាច់ ឬផ្អែកតាមស្ថានភាពជាក់ស្តែង អាចបង្កើតក្រុមការងារឬគណៈកម្មការ ចំពោះកិច្ច ដើម្បីគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាលនៃគណៈអភិបាលខេត្ត ជ្រាប និង ចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖