ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវដួលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ពេលថ្ងៃជានិស្សិត ពេលយប់ធ្វើការជាសន្តិសុខក្រោយចប់ម៉ោងធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ងងុយដេកធ្លាក់ភ្នែករេចង្កូតម៉ូតូទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្បែរភ្លើងស្តុបអាងទឹកអូឡាំពិក លើកំណាត់ផ្លូវលេខ២១៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពពីអ្នកស្គាល់គ្នាបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ លន់ ឌី ភេទប្រុស អាយុប្រមាណ២០ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នរស់នៅម្តុំលូ៥ ខណ្ឌមានជ័យ ។ យុវជនខាងលើជានិស្សិតឆ្នាំទី១ ដោយពេលយប់ធ្វើការជាសន្តិសុខ លុះចប់ម៉ោងធ្វើការក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅលូ៥ តែអកុសលតាមផ្លូវបែរជាជួបគ្រោះថ្នាក់ស្លាប់ គួរឱ្យរន្ធត់។

   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់បន្លែនៅក្បែរទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនខាងលើជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-7720  ធ្វើដំណើរតាមវិថីព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ភ្លើងស្តុបអាងទឹកអូឡាំពិកយុវជនខាងលើបានបត់ឆ្វេង តែជាអកុសលបានជ្រុលចង្កូតម៉ូតូទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតជាច្រើនម៉ែត្រដួលម៉ូតូបោកក្បាលស្លាប់តែម្ដង។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងបានឲ្យអ្នកស្គាល់គ្នាជាមួយសពយុវជនខាងលើ ទាក់ទងទៅកាន់បងប្រុសរបស់សពដើម្បីធ្វើដំណើរមកកាន់ទីតាំងកើតហេតុ ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖