ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធទី០៩ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិស ឦសាន ត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺ ត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ពីខេត្តមួយទៅខេត្ត មួយផង, និង អភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ដូចត្រូវបានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
– សម្តេចធិបតី ថ្លែងថា ការរៀបចំ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នេះរាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និងសកម្មភាពធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង និងគំរូនៃ កំណើនសេដ្ឋកិច្ច ដឹកនាំដោយវិស័យឯកជន (Private Sector-led Growth Model)។
– សម្តេចធិបតី ថ្លែងថា ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយ-ផល ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។ ដំណាំកសិកម្ម និង កសិ-ឧស្សាហកម្ម ក្នុងខេត្តទាំងបួន រួមមាន៖ កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី, ម្រេច និង ចេកអំបូងលឿង ជាដើម, សុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល, ទាំងសម្រាប់ទីផ្សារខាងក្រៅ និង ទីផ្សារក្នុងស្រុក។
– សម្តេចធិបតី ថ្លែងថា ជារួម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»នេះ ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនាទាន ចំនួន ៣ រួមមាន៖ ទី១. កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឲ្យក្លាយជាខេត្តដែលមាន មូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ឈរលើ កត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និង ដោយមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹង គោលនយោបាយជាតិនានា។ ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលនាំមកនូវលទ្ធផលរហ័ស, ជា ពិសេស កត្តាជំរុញការទាក់ទាញវិនិយោគឯកជន និង ទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈរាយប៉ាយ និង មិនអាចផ្សារភ្ជាប់គ្នាបាន។
– សម្តេចធិបតី ថ្លែងបន្ថែមថា ជារួម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នេះ បានកំណត់យកវិស័យអាទិភាព ចំនួន ៣ គឺ៖ កសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍, ដោយហេតុថា វិស័យទាំង ៣ នេះ មានលក្ខណៈ សមស្រប តាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និង មានភាពបំពេញ បន្ថែម ឲ្យគ្នាទៅវិញទៅមក ។
– សម្តេចធិបតី ថ្លែងថា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នេះ, រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ចំនួន ៣ ប្រភេទ, ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា ការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។
– សម្តេចធិបតី ថ្លែងថា ការដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» គឺល្អប្រសើរហើយ ប៉ុន្ដែអ្វីដែលសំខាន់គឺការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ដូច្នេះសម្ដេចបានជំរុញឱ្យគណៈកម្មាធិការ និងខេត្តពាក់ព័ន្ធត្រូវអនុវត្តលើការផ្ដល់សេវាផ្សេងៗឱ្យបានលឿន រហ័សទៅដល់វិនិយោគិន។
– សម្តេចធិបតី ថ្លែងថា តាមរយៈការដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ដល់ក្រុមអ្នកវិនិយោគលើ សហគ្រាសធុនតូច និងមធ្យម (SMEs) ខណៈខេត្តទាំង៤នេះ មានសក្ដានុពលលើ វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍។
– សម្តេចធិបតី ថ្លែងលើកទឹកចិត្តការវិនិយោគនៅខេត្តទាំងបួននៅភូមិភាគឦសាន ជាការវិនិយោគពិត ទៅលើវិស័យពិត ហើយមិនពាក់ព័ន្ធការអនុវត្តខុសច្បាប់ និងគោរពតាមអធិបតេយ្យភាពរបស់កម្ពុជា។
-សម្តេចបវរធិបតី ថ្លែងថា ការដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» គឺល្អប្រសើរហើយ ប៉ុន្ដែអ្វីដែលសំខាន់គឺ ការអនុវត្ត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ដូច្នេះសម្ដេចបានជំរុញឱ្យគណៈកម្មាធិការ និងខេត្តពាក់ព័ន្ធត្រូវអនុវត្តលើការផ្ដល់សេវាផ្សេងៗឱ្យបានលឿន រហ័សទៅដល់វិនិយោគិន។
សូមជម្រាបជូនថា កម្មវិធីពិសេសនេះ ត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ការគិតគូររៀបចំនូវ «កម្មវិធីពិសេស» នេះ កើតចេញពីមហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាពសេដ្ឋកិច្ចដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ។ ចំពោះ«កម្មវិធីពិសេស» នេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែលមានលក្ខណៈសាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់៕
ដោយ៖ តារា