ភ្នំពេញ៖ កម្ពុជាត្រូវបានរំពឹងថា នឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការក្រៅស្រុក លើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ ២០២៥ ប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,០% ក្នុងឆ្នាំ ២០២៤។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋ អាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងនៃភូមិសាស្ត្រនយោ បាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាសរបបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពី ថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះគឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADOខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ «ទស្សន វិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពី សក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។»
ផលិតផលឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើង ៩,៣% ក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំមុខដោយ ដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និងវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថា នឹងបន្តក្នុងអត្រា ៤,៤% បើទោះបី ជាសកម្មភាពនៃវិស័យ អចលនទ្រព្យនៅទន់ ខ្សោយក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថា នឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយ នឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។
របាយការណ៍នេះ ក៏បានរំលេចអន្តរកម្មឌីជីថលថា ជាអាទិភាពគោលនយោបាយគន្លឹះដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោលនយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ។
កម្ពុជាបានធ្វើឱ្យប្រសើរឡើងចំណាត់ថ្នាក់របស់ខ្លួន នៅ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល (United Nations’e-Government Development Index) របស់អង្គការសហប្រជាជាតិពីលេខ១៥៥ក្នុងឆ្នាំ ២០១២ មកលេខ ១២០ ក្នុងឆ្នាំ ២០២៤ ប៉ុន្តែក៏នៅមានចន្លោះប្រហោង ជាពិសេសការផ្តល់សេវាកម្មសាធារណៈអនឡាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា អត្ត សញ្ញាណឌីជីថលជាក់លាក់ដែលទទួលស្គាល់ទូទៅ (universal unique digital IDs) បណ្តាញអ៊ីនធឺណិតល្បឿនលឿនមជ្ឈមណ្ឌលទិន្នន័យសុវត្ថិភាព អ៊ីនធឺណិត និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល។ ការវិនិយោគបន្ថែមលើមូលធនមនុស្សនឹងរក្សានិរន្តរភាពកំណើន តាមរយៈការបង្កើនផលិតភាពសេដ្ឋកិច្ច៕
ដោយ៖ សូរិយា