ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» រៀបចំឡើង ដោយឈរលើទស្សនាទានចំនួន ៣

ចែករំលែក៖

ភ្នំពេញ៖​ ក្នុងពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» គឺមាន៖​ ខេត្តក្រចេះ ខេត្រស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែង​ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនាទានចំនួន ៣។

សម្តេចធិបតី បានថ្លែង​បញ្ជាក់ថា​ ទស្សនាទាន ទាំង៣នេះ​ រួមមាន​ដូចខាងក្រោម​៖

*ទី១. កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឲ្យក្លាយជាខេត្តដែលមាន មូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ឈរលើ កត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និង ដោយមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹង គោលនយោបាយជាតិនានា។

*ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលនាំមកនូវលទ្ធផលរហ័ស, ជាពិសេស កត្តាជំរុញការទាក់ទាញវិនិយោគឯកជន

*ទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈរាយប៉ាយ និង មិនអាចផ្សារភ្ជាប់គ្នាបាន។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ បានថ្លែង​បន្ថែមថា ការប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន គឺដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជន ឆ្ពោះទៅទិសឦសាន ដែលត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រ, ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដែលមានស្រាប់ ក្នុងខេត្តនីមួយៗផង, ជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ម ពីខេត្តមួយទៅខេត្ត មួយផង, និង អភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង, ស្របតាមបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ដូចត្រូវបានចង្អុលបង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

សម្តេចធិបតី ថ្លែង​បន្ថែមថាដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» នេះ, រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ចំនួន ៣ ប្រភេទ, ក្នុងនោះ រួមមាន៖ ទី១). វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២). ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា ការប្រាក់សមរម្យ, និង ទី៣). ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួល នីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន៕

ដោយ​៖ តារា​


ចែករំលែក៖