ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋមានមុខរបរដាំដំណាំម្រះកំពុងតែប្រមូលផល និងមានតម្លៃល្អ ហើយមានឈ្មួញជិតឆ្ងាយចុះមកទិញផ្ទាល់ដល់ទីតាំងដំណាំរបស់គាត់ស្ថិតនៅចំណុចព្រែកតាឃ្លោក ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាន។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានភូមិឃុំខាងលើបានឲ្យដឹងថា ផ្លែម្រះទាំងនេះបានចាប់ផ្តើមប្រមូលផលបានប្រមាណ១សប្តាហ៍ហើយ និងអាចប្រមូលផលបានបន្តទៀតរហូតដល់ដើមខែមិថុនា ឆ្នាំ២០២៥នេះ ហើយក្នុង១ថ្ងៃៗគាត់អាចប្រមូលផលបានខ្ទង់ប្រមាណ១០០ គីឡូក្រាម និងលក់ក្នុងតម្លៃ៣ពាន់រៀលក្នុង១គីឡូក្រាមដែលមានផ្លែធំ ហើយវែងល្អ។ ចំណែកផ្លែខ្លះដែលមានខ្នាតមិនសូវល្អ គឺលក់ក្នុងតម្លៃថោកជាងនេះបន្តិច។
ពលរដ្ឋបានឲ្យដឹងទៀតថា ចំពោះការដាំដុះគឺចំណាយ ពេលខ្ទង់ជិត៣ខែទើបអាចប្រមូលផលបាន ហើយក្នុងឆ្នាំនេះដែរមានការអំណោយផលល្អមានភ្លៀងធ្លាក់ខ្លះៗ ដោយមិនសូវចំណាយប្រាក់ដើមក្នុងការថែទាំ ឬការដាំដុះ។
ប្រជាកសិករក្នុងទីតាំងខាងលើឲ្យដឹងទៀតថា ចំពោះការប្រមូលផលវិញ គឺប្រមូលផលតែក្នុងពេលព្រឹក ព្រោះវាអាចទុកបានយូរ មិនងាយស្រពោនក្រៀមបើបេះពេល ល្ងាចអាចស្រពោនស្វិតខុសពីធម្មតា។ ហើយផ្លែម្រះទាំងនេះត្រូវបានឈ្មួញចុះមកទិញផ្ទាល់ និងដឹកយកទៅកាន់ទីផ្សារនានាទាំងក្នុងក្រុង និងខេត្តកំពង់ចាម រួមទាំងបណ្តាខេត្តក្នុងភូមិភាគឦសានជាដើម។
លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនបញ្ជាក់ថា ផ្លែម្រះនេះមានតែប៉ុន្មានគ្រួសារប៉ុណ្ណោះ បានដាំដុះ ហើយក៏ឃើញមានធ្វើដំណើរមួយចំនួនទាំងនៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋានឈប់ចុះទិញជាហូរហែ ដោយសារទីតាំងនៅចំណុចព្រែក តាឃ្លោកនេះ នៅមិនឆ្ងាយពីក្រុងកំពង់ចាមមិនដល់១០គីឡូផង។ លោកស្រីបានបន្តថាមិនថាតែដំណាំផ្លែម្រះនេះទេ នៅមានដំណាំជាច្រើនមុខទៀតបានកំពុងប្រមូលផល និងបានដាំដុះជាបន្ត បន្ទាប់ និងជាផ្នែកផងដែរក្នុងការទាក់ទាញភ្ញៀវទេសចរ និងកំណើរសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច