ភ្នំពេញ៖ មកុដអប្សរាកម្ពស់ ៥ម៉ែត្រ ទទឹងជាង២ ម៉ែត្រ ត្រូវបានដាក់តាំងបង្ហាញនៅកម្មវិធីសង្ក្រាន្តវត្តភ្នំ ដើម្បីឲ្យប្រជាពលរដ្ឋឈ្វេងយល់ពីទម្រង់សិល្បៈខ្មែរ។ លោក អេង សុខា អ្នកបច្ចេកទេសរៀបចំសង្រ្កាន្តវត្តភ្នំ បញ្ជាក់ប្រាប់សារព័ត៌មានថា ៖ សមាជិកធ្វើមកុដនេះ មានជាង១០នាក់ និងបានចំណាយរយៈពេលប្រមាណ ២ខែ លើការងារនេះ។
លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ នេះជាការការតុបតែងលម្អត្រៀមសម្រាប់ព្រឹត្តិការណ៍ សង្រ្កាន្ត វត្តភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ អរគុណសន្តិភាព និងការអភិវឌ្ឍ ។
អភិបាលរាជធានីណែនាំ ឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ។ លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានបញ្ជាក់ថា ៖ ការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាការសំខាន់ និងអាទិភាព ដែលអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែគិតគួរ និងយកចិត្តទុកដា់ឱ្យបានខ្ពស់បំផុត ដេីម្បីឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូន និងធានាថាមិនមានបញ្ហាកេីតឡេីង។
បន្ថែម ពីនេះលោកអភិបាលរាជធានី ក៏បានណែនាំឱ្យគណៈបញ្ជាការឯភាពខណ្ឌ ក៏ដូចកម្លាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់ លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និង អប់រំ ណែនាំ ដល់ ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងបង្ការគ្រោះអគ្កិភ័យ កុំមានការធ្វេសប្រហែស។
លោកអភិបាលរាជធានីភ្នំពេញ ក៏ បាន ជំរុញ ឱ្យធ្វើការរួមគ្នារវាងអាជ្ញាធរ និង សមត្ថកិច្ច ដោយបែងចែកកម្លាំងសមត្ថកិច្ចល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ខណៈដែលអាជ្ញាធររំពឹងថា សង្រ្គាន្តវត្តភ្នំឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករជាងឆ្នាំមុខៗ ហើយត្រូវយកបទពិសោធន៍នាឆ្នាំកន្លងទៅ ធ្វើជាបទពិសោធន៍ និងធ្វើ ឱ្យបានល្អប្រសើរ៕
ដោយ ៖ សិលា