ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨

ចែករំលែក៖

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបានគិតគូរឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៤ ក្នុងគោលដៅជំរុញការអភិវឌ្ឍនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាដែលមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងដើម្បីបង្កើននូវសកម្មភាពសេដ្ឋកិច្ចដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច តាមតំបន់ និងតាមវិស័យ ដោយបានកំណត់យកវិស័យអាទិភាពចំនួន៣ គឺ៖ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ក្រោម «កម្មវិធីពិសេស» នេះ រាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ប្រភេទ រួមមាន៖ 

ទី១)វិធានការផ្នែកពន្ធដារ និងពន្ធគយ ។ទី២)ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ ។

និងទី៣)ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន ហើយដែលវិធានការទាំងនេះ នឹងត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ២០២៥ ដល់ ២០២៨៕

ដោយ ៖ សិលា


ចែករំលែក៖