ល្ងាចត្រជាក់ខ្យល់ជំនោរផាយផាត់រំភើយតិចៗមកអង្រួនចុងរុក្ខាដែលដុះប្របនឹងមាត់ទន្លេយោលទៅយល់មក តាមកម្លាំងវាយោជួយលួងលោមជនប្រុសស្រីដ៏កម្សត់ឲ្យមានអារម្មណ៍ធូរស្រាលទៅតាមជំនោរនេះបន្តិចបន្តួចដែរ។គេឃើញមានប្រុសកំលោះ ៣នាក់ឈរចំពីមុខប្រជាជនហើយបុរសម្នាក់ក្នុងចំណោមនោះ ចាប់និយាយឡើងថា អង្គការត្រូវការភាពស្មោះត្រង់ពីមិត្តៗទាំងអស់គ្នាដោយហេតុថា នៅឯទីក្រុងខ្វះអ្នកចេះដឹងដើម្បីជួយការងាររដ្ឋ ដូច្នេះយើងត្រូវការភាពស្មោះត្រង់ពីបងប្អូនទាំងអស់គ្នា។ នៅទីនេះយើងមានបញ្ជីចំនួន ៣ បញ្ជីទី១ សម្រាប់បងប្អូនមន្ត្រីរដ្ឋការចាស់ បញ្ជីទី ២ សម្រាប់បងប្អូនជាគ្រូបង្រៀន ឬសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សាពីបរទេស ចំណែកបញ្ជីទី៣ សម្រាប់ប្រជាជនសាមញ្ញអ្នកស្រែ កម្មករធម្មតា បងប្អូនអាចចុះឈ្មោះទៅតាមស្ថានភាពពិតរបស់បងប្អូនបាន។ អ្វីដែលសំខាន់គឺអង្គការត្រូវការភាពស្មោះត្រង់ពីបងប្អូនទាំងអស់គ្នា។
ឮដូច្នោះ ប្រជាជនខ្លះដែលជាមន្ត្រីរាជការពីសង្គមចាស់បានទៅចុះឈ្មោះក្នុងបញ្ជីទី ១ ដោយមិនដឹងពីព្រេងវាសនារបស់ខ្លួននៅថ្ងៃខាងមុខឡើយ។ លោកគ្រូសំអុរ ហាក់អល់អែកចង់ទៅចុះឈ្មោះក្នុងបញ្ជីទី ២ បន្តិចក្នុងបញ្ជីទី ៣បន្តិច ប៉ុន្តែវិចារណញ្ញាណបានប្រាប់គាត់ថា គេជម្លៀសប្រជាជនចេញពីទីក្រុង ចុះហេតុអ្វីទើបគេប្រមូលមនុស្សចូលទៅទីក្រុងវិញ?សំណួរនេះបានបង្វែរចិត្តលោកគ្រូសំអុលឱ្យនាំគ្រួសារទៅចុះឈ្មោះក្នុងបញ្ជីទី ៣ វិញ។ ឱ! ព្រេងវាសនានៃប្រជាជនខ្មែរដ៏កំសត់អើយ អ្នកបានចុះឈ្មោះផ្ញើវាសនាទៅលើបញ្ជីទាំងពីរដោយរំពឹងថានឹងបានត្រឡប់ទៅទីក្រុងដែលជាទីទំនើបវិញឬ? បញ្ជីឈ្មោះទាំងពីរនេះហើយគឺជាលិខិតមរណៈដែលកំពុងតែនាំពួកគេទៅកាន់អវសាននៃជីវិតដោយឥតកំហុសសោះ។ អ្នកដែលមិនបានចុះឈ្មោះក្នុងបញ្ជីទាំងពីរនោះ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យឡើងជិះរថយន្តទ្រង់ដឹកទំនិញចេញពីទីនោះសំដៅទៅទីតាំងថ្មីជាមូលដ្ឋានជាក់លាក់គឺស្រុកសំបូរខេត្តក្រចេះ។ លោកគ្រូ សំអុរ មីងធីតា និងកូនៗទាំងបីនាក់ទៀតបានស្ពាយបង្វិចជាប់ខ្លួន ដែលក្នុងបង្វិចនោះគ្មានសេសសល់របស់សំខាន់អ្វីទៀតឡើយ ព្រោះរបស់សំខាន់ៗត្រូវបានគណៈភូមិឆែកប្រមូលយកអស់ទៅហើយ។
* ទាសករដាច់ថ្លៃ
រយៈពេលពីរខែ ទើបលោកគ្រូសំអុរ និងប្រពន្ធកូនបានមកដល់ភូមិចំបក់ជ្រុំ ឃុំសំបូរ ស្រុកសំបូរខេត្តក្រចេះ ដែលជាទីសំចតពិតប្រាកដ។ មកដល់ភូមិនេះភ្លាមគាត់បានសម្រាកនៅក្រោមផ្ទះប្រជាជនចាស់បណ្ដោះអាសន្នសិនទម្រាំនឹងសាងសង់កូនខ្ទមស្នាក់នៅបាន។ អង្គការបានចាត់តាំងឲ្យលោកគ្រូសំអុរ និងប្រពន្ធរបស់គាត់ទាំងពីរ ធ្វើការជាមួយសហករ ណ៍ក្នុងភូមិ។ចំណែកឯសំអាត និងសំអាន ដែលមានវ័យពេញកម្លាំងអង្គការតម្រូវឲ្យទៅធ្វើការនៅក្នុងកងចល័ត។ សំអាតត្រូវទៅធ្វើការក្នុងកងចល័តនារីនៅឯការដ្ឋានឆ្ងាយពីភូមិប្រហែល ១០ គីឡូម៉ែត្រ ហើយសំអានវិញអង្គការតម្រូវឲ្យទៅធ្វើការក្នុងកងចល័តយុវជនដើម្បីលើកទំនប់ជីកប្រឡាយនៅឆ្ងាយពីភូមិដែរ។ រីឯសំអាងតម្រូវឲ្យចូលក្នុងកងកុមារជួយរើសអាចម៍គោធ្វើជីដាក់ស្រែដែរ។ បទបញ្ជាថ្មីគ្មាននរណាហ៊ានតវ៉ាសោះឡើយ ព្រោះម្នាក់ៗសុំតែជីវិតរស់ប៉ុណ្ណោះ។
ស្នូរជួង បានបន្លឺឡើងរៀងរាល់ព្រឹកជាសញ្ញាហៅមិត្តនារី និងមិត្តយុវជនដែលស្ថិតក្នុងកងចល័តទាំងអស់ឲ្យមកប្រជុំស្ដាប់បទបញ្ជាពីមេកងជាមុនសិន មុននឹងចេញទៅបំពេញភារកិច្ចរបស់ខ្លួន។មាណពកម្សត់សំអាត អាវពាក់ខ្មៅនិងស្លៀកខោខ្មៅ ឈរក្នុងជួរយ៉ាងស្ងៀមស្ងាត់ចាំស្ដាប់ពាក្យសម្ដីមេកងដោយភ័យខ្លាច។ ក្រោយពីបញ្ចប់ការប្រជុំគ្នាហើយ អង្គការបានបញ្ជាឲ្យទាសករទាំងអស់ទៅធ្វើការតាមអ្វីដែលអង្គការបានដាក់ឲ្យ។ អ្នកធ្វើការនៅកងចល័ត្នគឺត្រូវទទួលបន្ទុកនឿយហត់ខ្លាំងព្រោះជាកម្លាំងស្នូលរបស់អង្គការ។សំអាត ព្យាយាមធ្វើការងារដែលអង្គការបញ្ជាណាស់ ព្រោះខ្លាចមានកំហុសត្រូវអង្គការយកទៅរៀនសូត្រ។ សុជាតិ ជាមិត្តនារីថ្មីដែល សំអាត ទើបនឹងបានស្គាល់ពេលដែលចល័តមករស់នៅកងនេះ។ ពេលល្ងាច បន្ទាប់ពីហូបបាយរួច សុជាតិ និងសំអាតបានលួចទៅបេះត្រកួននិងចាប់កូនសត្វល្អិតតូចៗយកមកបរិភោគគ្រាន់ចម្អែតក្រពះបន្ថែមលើរបបអាហារដែលអង្គការផ្ដល់ឲ្យ។ ក្រោយពីបេះត្រកួនរួច សុជាតិបានឲ្យសំអាតយកមកផ្ទះមុនដោយខ្លួនចាំទៅរកជីកក្តួចបន្តិចទៀតឲ្យបានច្រើនជាងនេះ។ សុជាតិ និយាយទាំងប្រុងប្រយ័ត្នថា សំអាតឯងយកត្រកួននេះទៅផ្ទះមុនទៅ ចាំខ្ញុំទៅជីកក្តួច និងដំឡូងខ្លះយកទៅតាមក្រោយ ព្រោះឥឡូវពិបាករកឱកាសចេញមកណាស់។សំអាត តបវិញថា ក្រែងមិនល្អទេដឹង ចាំទៅទាំងអស់គ្នាតែម្ដងទៅ ក្រែងយ៉ាងម៉េចយ៉ាងម៉ាបានជួយគ្នាណា។ ឯងទៅមុនទៅ គ្នាច្រើនមិនល្អទេក្រែងមេកងចាប់បានយើងមិនរស់ទេ ខ្ញុំចេះប្រយ័ត្នខ្លួនហើយ។ មិត្តនារីសុជាតិនិយាយកាត់។
សំអាតក៏ដើរចេញពីទីនោះទុកឲ្យសុជាតិជាមិត្តរកជីកដំឡូងតែឯង។ ពេលមិត្តនារីសុជាតិជីកដំឡូងបានហើយ កំពុងវិលត្រឡប់មកផ្ទះវិញ ជាអកុសលត្រូវមេកងនារីចាប់បាន។ នាងមេកងនោះខឹងខ្លាំងណាស់ហើយបានចោទសុជាតិថា ក្បត់នឹងអង្គការ ជាខ្មាំងបង្កប់ខ្លួនព្រោះមិនស្មោះត្រង់នឹងអង្គការ។ មេកងនារីចាប់សុជាតិទៅចងក្រោមដើមឈើទាំងយប់ហើយសំឡុតសួរនាងថា៖
យ៉ាងម៉េចមិត្តនារីនអង្គការមានរបបអាហារគ្រប់គ្រាន់ឲ្យមិត្តឯងហើយ ម្ដេចមិត្តហ៊ានទៅលួចបេះបោចបន្លែបង្ការដែលជាកម្មសិទ្ធិរបស់អង្គការអ៊ីចឹង? មិត្តជាខ្មាំង? មិត្តជាពួក សេ.អ៊ី.អា បង្កប់ខ្លួនចាំស៊ើបដំណឹងពីអង្គការយើងឬ?
អត់ទេមិត្តបង ខ្ញុំមិនមែនជាខ្មាំងប្រឆាំងនឹងអង្គការអីទេ។ខ្ញុំស្មោះនឹងអង្គការណាស់។ ការដែលខ្ញុំលួចមករកដំឡូងនេះ ព្រោះខ្ញុំឃ្លានពេកមិត្តបង សូមអធ្យាស្រ័យឲ្យខ្ញុំផងទៅមិត្តបង។
ធីតាកម្សត់និយាយទាំងទឹកភ្នែករហាមដោយក្តីភិតភ័យ។ ទោះនាងខំអង្វរមេកងយ៉ាងណាក៏ដោយ តែសំដីនាងហាក់ដូចជាគ្មានឥទ្ធិពលលើមេត្តាធម៌បន្តិចសោះឡើយ។ មេកងបានយកសុជាតិទៅកសាងទាំងកណ្ដាលយប់ដោយមិនបានផ្ដែផ្ដាំអ្វីបន្តិចសោះឡើយ។ (នៅមានត)