ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ អាជ្ញាធរបានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាង៦ពាន់លើក និងមានប្រជាពលរដ្ឋចូលរួមជាង៣សែននាក់ទូទាំង២៥រាជធានី-ខេត្ត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។
ខ្លឹមសារសំខាន់ៗនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានជាអាទិ៍ ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។
បើតាម លោក ទូច សុឃៈ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាព អនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត ធ្វើឱ្យមានការរីកចម្រើនស្រប តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងរហូតមកដល់បច្ចុប្បន្ននេះត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ យកមកអនុវត្តបន្ត។
លោក ទូច សុឃៈ បន្ថែមទៀតថា «ទោះបីយើង មានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានា ឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា»៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ