ខេត្តកំពង់ចាម៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងវត្ថុតាងមួយចំនួនធំ នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ។
មន្ត្រីនគរបាលឲ្យដឹងថា បន្ទាប់ពីបានទទួល ព័ត៌មានពីប្រជាពលរដ្ឋល្អ បានរាយការណ៍ថា មានមុខសញ្ញាកំពុង ជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចតាមផ្លូវ ស្ថិត នៅក្នុងភូមិភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងការឯកភាពពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការ ដ្ឋាននគរបាលស្រុកកងមាស សហកាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ប្រុស។
ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២៤៨កញ្ចប់ (ធំ ០៥កញ្ចប់), ថ្នាំញៀនប្រភេទ wy ចំនួន ១៩គ្រាប់, ថ្នាំញៀនប្រភេទខេចំនួន ៧៩កញ្ចប់ (ធំ ០១កញ្ចប់), ថ្នាំញៀនប្រភេទខេចំនួន ០៤ដុំ កន្លះ, កញ្ឆាស្ងួតមូលជាបារីចំនួន ៣៩ដើម, កញ្ឆាស្ងួតទម្ងន់ប្រហែល ០២គីឡូ ០៤ខាំ, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង, សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, លោហៈធាតុពណ៌លឿង (ចិញ្ចៀន) ចំនួន ០១វង់, ទូរស័ព្ទដៃចំនួន ០៦គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញបានចងក្រងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖ សូរិយា