ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្នើដល់គណៈប្រតិភូវៀតណាម ជួយជម្រុញវិនិយោគិន ខេត្តកន្ទូម មកវិនិយោគនៅខេត្តស្ទឹងត្រែងឱ្យបានច្រើន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់ខេត្តកន្ទូម( វៀតណាម) ដឹកនាំដោយលោកឡេ ង៉កទួន អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងភរិយា ព្រមទាំងសមាជិកចំនួន២១រូប បានមកសួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង។

ការជួបសំណេះសំណាលសួរសុខទុក្ខ ប្រព្រឹត្តឡើងនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកសរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

លោក ឡេ ង៉កទួន បានថ្លែងថា៖ បើទោះបីខេត្តស្ទឹងត្រែង(កម្ពុជា) មិនមានព្រំដែនជាប់ជាមួយខេត្ត កន្ទូម(វៀតណាម)ក៏ដោយ តែខេត្តទាំង២ គឺមានការទំនាក់គ្នាយ៉ាងស្អិតរមួត លើវិស័យរដ្ឋបាល សន្តិសុខ និងពាណិជ្ជកម្ម ។

ការចូលជួបសំណេះសំណាល សម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បានបង្ហាញពីទំនាក់ទំនងល្អ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងទាំងខេត្តទាំងពីរ។ លោក ឡេ ង៉កទួន បានបន្តថា វៀតណាម កម្ពុជា មានទំនាក់ទំនងល្អជាប្រពៃណី ហើយកាយវិការនៃការអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនេះ ខេត្តទាំងពីរ និងប្រទេសទាំងពីរតែងតែជូនពរគ្នាទៅវិញទៅមក ជា កាយវិការដ៏ល្អប្រពៃ បង្ហាញបន្តដល់កូនចៅជំនាន់ក្រោយឱ្យបន្តនូវប្រពៃណីដ៏ល្អនេះ ដើម្បីឱ្យចំណងមិត្តភាពរវាងវៀតណាម កម្ពុជាកាន់តែរឹងមាំ។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស ប្រកបនៅមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត នៃការសំណេះ សំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ រួមនិងប្រជាជន វៀតណាមក្នុងឱកាសឆ្នាំថ្មីនេះ។ ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្ទឹងត្រែង(កម្ពុជា) និងខេត្តកន្ទូម(វៀតណាម) គឺឈរលើស្មារតីកិច្ចសហការជាបងប្អូន រវាងប្រទេសទាំងពី(កម្ពុជា-វៀតណាម) ក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំ អាជ្ញាធរ នឹងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ សហការគា្នទៅវិញទៅមក ទទួលបានលទ្ធផលល្អប្រសើរ ដែលជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាព យូរអង្វែង ទាំងការងារ ដឹកនាំ ការអភិវឌ្ឍន៍ ការទំនាក់ទំនង ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ហើយក្នុងរយៈពេលកន្លងមកនេះ គឺប្រកបដោយស្មារតីជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងគោលជំហរ ជាមិត្ត ជាបងប្អូនចំពោះគ្នាទៅវិញទៅមក។

លោកអភិបាលខេត្ត បានបន្ថែមមានប្រសាសន៍ស្នើដល់គណៈប្រតិភូវៀតណាមជួយជម្រុញវិនិយោគិន នៃខេត្តកន្ទូម មកវិនិយោគនៅខេត្តស្ទឹងត្រែងឱ្យបានច្រើន ស្របពេលសម្តេចនាយករដ្ឋមន្រ្តីបានជម្រុញការ វិនិយោគ នៃខេត្តភូមិភាគឦសាននេះ ៕

ដោយ៖ សូរិយា


ចែករំលែក៖