ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ កូដូខ្មែរ និងអង្គការ Archi SOLIDAIRE

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Pitou Ang ប្រធានអង្គការកូដូខ្មែរ (CODEAUKhmer) និងលោក Arthur Parami Lam តំណាងអង្គការ Archi SOLIDAIRE ដែលធ្វើកិច្ចអន្តរាគមន៍ទៅលើការនាំទឹកស្អាតទៅដល់ទីជនបទ និងទៅលើសំណង់អគារសិក្សា ការគាំទ្រការអប់រំ ការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន និងការបង្កាទប់ស្កាត់ចំណាកស្រុក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

នាឱកាសនេះ តំណាងអង្គការទាំងពីរ បានបង្ហាញសេចក្តីរីករាយដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិតសភាចារ្យ ក្នុងគោល បំណងដើម្បីពិភាក្សា និងទទួលបានអនុសាសន៍គន្លឹះសំខាន់ៗពីបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សំដៅបង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍របស់អង្គការ ក្នុងការជួយដល់កុមារ និងសហគមន៍នៅតាមទីជនបទ ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ ក៏ដូចជាការផ្តល់សេវាអប់រំប្រកបដោយគុណភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លើកឡើងក្នុងឱកាសនេះ តំណាងអង្គការ Archi SOLIDAIRE ឱ្យដឹងថា អង្គការរបស់លោកផ្តោតកិច្ចអន្តរាគមន៍ជាចម្បងលើការសាងសង់ ដោយសហការជាមួយអ្នកឯកទេសផ្នែកវិស្វកម្ម និងផ្នែកស្ថាបត្យកម្មមកពីប្រទេសបារាំង ដែលផ្តល់ជាបទ ពិសោធន៍ និងសាមគ្គីភាពយ៉ាងល្អជាមួយនឹងសិស្ស ប្រជាពលរដ្ឋ និងសហគមន៍នៅក្នុងមូលដ្ឋាន ជាពិសេសការជំរុញឱ្យសាលារៀនឈានទៅអនុវត្តការសិក្សាពេញ១ថ្ងៃ ដោយ ពេលព្រឹកសិស្សអាចរៀនជាមួយនឹងគ្រូបង្រៀន ហើយពេលរសៀលពួកគេអាចចូលបណ្ណាល័យ ចូលសួនបន្លែ និងធ្វើកិច្ចការក្រៅសាលាផ្សេងៗទៀត ដែលជាបំណិនចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផ្សារភ្ជាប់នឹងទ្រឹស្តីដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្ហាញ។ទន្ទឹមនឹងនេះ អង្គការក៏បានបង្កើតឱ្យមានសហគមន៍មិត្តភាពនៅតាមសាលារៀន តាមរយៈការបំពាក់សំណង់អគារ សម្ភារៈឧបទេសចាំបាច់នានានៅតាមតំបន់ជនបទ ដើម្បីពង្រឹងចំណងសាមគ្គីភាពរបស់ប្រជាជនបារាំង និងប្រជាជនកម្ពុជា។

ជាការឆ្លើយតប បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទាំងពីរ ដែលបន្តជួយគាំទ្រដល់កុមារកម្ពុជា ក៏ដូចជាលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា តាមរយៈការផ្តល់ជំនួយគ្រប់រូបភាព ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពនៃវិស័យអប់រំកម្ពុជាក្នុងអំឡុង ១០ឆ្នាំមកនេះ ដែលបានស្តែងចេញតាមរយៈលទ្ធផលសិក្សារបស់សិស្ស និងភាពរីកចម្រើននៃហេដ្ឋារចនា សម្ព័ន្ធនានាតាមគ្រឹះស្ថានសិក្សារដ្ឋទាំងក្នុងក្រុង និងទីជនបទ។ 

ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ផ្តល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាពដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយអង្គការទាំងពីរបន្ថែមទៀត លើការផ្លាស់ប្តូរបទពិសោធរបស់អ្នកស្ម័គ្រចិត្តនៃអង្គការ ការ ចែករំលែកចំណេះដឹងក្នុងវិស័យអប់រំឌីជីថល ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលរៀបចំសិស្សានុសិស្សកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវការទីផ្សារការងារជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងអនាគត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងប្រព័ន្ធអប់រំនិងផ្តល់ឱកាសដល់សិស្សា នុសិស្សទាំងអស់ជាពិសេសកុមារនៅតាមទីជនបទ ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការសិក្សាពេញមួយជីវិត ជំរុញយុវជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកប ដោយចីរភាព ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធាន មនុស្សរបស់រាជរដ្ឋាភិបាល៕

ដោយ៖ សូរិយា


ចែករំលែក៖