ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្ពុជា-ចិនសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧១C ប្រវែងជាង១០០គីឡូម៉ែត្រ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប ប្រមាណ១១៥គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមមួយនេះ គឺចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិន សៀហៃគ្រុប ហៅកាត់ SCG។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដែលបន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។ សម្តេចបានលើកឡើងថា សមិទ្ធផលធំៗ កម្ពុជាចិន ត្រូវបានសម្ពោធជាបន្តបន្ទាប់ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល មានន័យថា ទំនាក់ទំនងកម្ពុជាចិន នៅតែរឹងមាំ។ ក្នុងនោះ សម្តេចបញ្ជាក់ថា ការដាក់ឈ្មោះផ្លូវក្រវាត់ក្រុងទី៣ ជាមហាវិថី Xi Jinping បង្ហាញពីការជួយរបស់ភាគីចិនដែលបានជួយជាច្រើន។

«ថ្ងៃនេះគឺជាសក្ខីភាពមួយនៃការពង្រឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ដើម្បីផលប្រយោជន៍រួម របស់ប្រជាជនយើង»។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ចិនជាមិត្តមួយមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយជាច្រើន។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអបអរសាទរចំពោះការសម្ពោធគម្រោងសាងសង់ផ្លូវជាតិលេខ៧១Cនេះ។

បើតាមក្រសួងសាធារការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៧១C គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេស ជាមួយប្រទេសជិតខាង៕

ដោយ ៖ សិលា


ចែករំលែក៖