លិខិតចំហរជម្រាបជូនសាធារណៈមតិ៖
ចារីនៃបទល្មើសសញ្ចារកម្មគឺជាជនទីបីដែលជាអន្តរការីនៃអំពើពេស្យាចារ!
ដៃគូរួមភេទផ្ទាល់ពុំមែនជាចារីនៃបទល្មើសនេះទេ តែជាសាក្សីដ៏សំខាន់ក្នុងការផ្តល់សាក្ខីកម្មដើម្បីស្វែងរកជនល្មើសនៃអំពើសញ្ចារកម្មនេះ!
បុគ្កលគ្រប់រូបដែលត្រូវបានចាត់ទុកថាដឹងអំពីតម្រុយ ឬព័ត៌មាននៃអំពើល្មើសណាមួយ ត្រូវចូលរួមផ្តល់សក្ខីកម្មដល់មន្ត្រីមានសមត្ថកិច្ចដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ហើយក៏ជាការបង្ហាញអោយឃើញថាជាពលរដ្ឋល្អក្នុងសង្គមដែលបានចូលរួមលុបបំបាត់និទណ្ឌភាពផងដែរ!
ដោយឡែកឯកឧត្តម កឹម សុខា ដែលត្រូវបានស្ថាប័នអយ្យការកោះហៅក្នុងនាមសាក្សីដើម្បីផ្តល់សក្ខីកម្មសម្រាប់ស្វែងរកជនល្មើសក្នុងអំពើសញ្ចារកម្មនោះ ពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាបុគ្គលដែលត្រូវបានកោះហៅផង និងក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមផងនោះ បែជាជ្រើសរើសយកវិធីគេចវេសមិនចូលខ្លួន ដែលត្រូវបានច្បាប់កំណត់ថាជាបទល្មើស ដែលនាំអោយខ្លួនក្លាយជាពិរុទ្ធជននាពេលនេះ!
សូមបញ្ជាក់ថា ប្រសិនបើពិរុទ្ធជនរូបនេះចូលតាមការកោះហៅ ហើយទោះបីជាឆ្លើយបែបណាក៏ដោយ ក៏មកដល់ពេលនេះគាត់ពុំមានឋានៈជាពិរុទ្ធជនបែបនេះទេ ហើយក្នុងនាមតំណាងរាស្ត្រគួរធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ!
យើងក៏ពុំឃើញមានចំនុចណាមួយនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលហាមមិនអោយស្ថាប័នតុលាការកោះហៅតំណាងរាស្ត្រនោះដែរ!
ហេតុដូចនេះ សូមសាធារណៈជនមេត្តាជ្រាប និងសូមអំពាវនាវដល់ពិរុទ្ធជន កឹម សុខា គួរយកពេលវេលារបស់ខ្លួនពិភាក្សាជាមួយមេធាវីដែលមានជំនាញឯកទេសដើម្បីការពារក្តីអោយខ្លួន ប្រសើរជាងយកពេលវេលាធ្វើរឿងឥតប្រយោជន៍ដល់ខ្លួន!
ការជ្រើសរើសយកផ្លូវដើរដោយខ្លួនឯង ដោយប្រព្រឹត្តទង្វើប្រឆាំងនឹងច្បាប់បែបនេះ គឺជាការកំណត់យកអនាគតដោយខ្លួនឯង!