ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យនិងជំរុញសកម្មភាពចាក់ដីបំពេញទីធ្លាសម្រាប់សាងសង់ទីស្នាក់ការមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលគ្រោងដំណើរការនៅ ពេលខាង មុខនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្រុម ការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយ មានការឧបត្ថម្ភជ្រោមជ្រែងពីគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុមការងារសមាគមអតីតយុទ្ធជនជនកម្ពុជាខេត្តកំពង់ធំ បានទំនាក់ទំនងធ្វើការចាក់ដីបំពេញទីធ្លាបានទំហំ ១,៥០០ម៉ែត្រការ៉េ រួចមកហើយ ។ ថ្ងៃនេះតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ គន់ គីម ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានទំនាក់ទំនងនិងដំណើរការចាក់ដីបំពេញទីធ្លាបន្ថែមចំនួន៣,៥០០ម៉ែត្រការ៉េទៀតដើម្បីសម្រួលដល់ការរៀប ចំពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលាតាមការគ្រោងទុករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម នៅពេលដ៏ខ្លីខាងមុខនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់បន្ថែមទៀតថា ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលត្រូវសាងសង់នៅពេលខាងមុខនេះ មានទំហំអគារ ជាង៣៥០ម៉ែត្រការ៉េ ដែលត្រូវសាងសង់នៅលើផ្ទៃដីទំហំ ជាង ៦៦០ ម៉ែត្រការ៉េ ដើម្បីបម្រើនិរន្តរភាពការងារសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ និងដោះ ស្រាយការលំបាកផ្សេងៗ ក្នុងការបម្រើជូនបងប្អូនអតីតយុទ្ធជន ឱ្យមានភាពល្អប្រសើរនិងយូរអង្វែងតទៅ ស្រប តាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕
ដោយ៖ សូរិយា