ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ៖ ពលរដ្ឋអាចមានលទ្ធភាពទិញរថយន្តថ្មី តម្លៃសមរម្យ ពីក្រុមហ៊ុនដែលផលិតក្នុងស្រុក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានលើកឡើងថា រដ្ឋខិតខំអនុវត្តគោលនយោបាយ លើកលែងពន្ធ ការបន្ធូរបន្ថយពន្ធក្នុងកម្រិតណាមួយ គឺ ដើម្បីជួយសម្រួល ដល់ការផលិតរថយន្តក្នុងស្រុក។

ការណ៍ត្រូវបានប្រមុខរដ្ឋាភិបាល អះអាងនាពិធី “សម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក”  នៅខេត្តពោធិ៍សាត់ ព្រឹកថ្ងៃអង្គារ ទី២២ មេសា ថា គឺ ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពទិញ រថយន្តថ្មី ជិះ ក្នុងតម្លៃសមរម្យ។ ជារថយន្តដែល ផលិតក្នុងស្រុក មានគុណភាពស្តង់ដាអន្តរជាតិ និងធូរថ្លៃជាងរថយន្តនាំចូល។

សម្តេចធិបតី បានអះអាងថា រដ្ឋាភិបាល ក៏មិនចាំបាច់ដាក់គោលការណ៍ហាម រថយន្តនាំចូល (រថយន្តជជុះ) នោះទេ គឺ បន្ត បើកឱ្យពលរដ្ឋមានជម្រើស តាមទីផ្សារសេរី។ សម្តេចធិបតី លើកឡើងថា ៖ កម្ពុជា បានប្តូរពីប្រទេសដែលសូម្បីតែទឹកក្រូចមួយដបក៏នាំចូល រហូតមានរោងចក្រដំ ឡើងរថយន្តរហូតដល់៩កន្លែង នៅក្នុងប្រទេស នាពេល បច្ចុប្បន្ននេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ក្រៅពីបង្ហាញ មោទកភាពចំពោះការ អភិវឌ្ឍរបស់កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ក៏មានជំនឿមុតមាំថា នៅក្នុងពេលខាងមុខ កម្ពុជា នឹងមានលទ្ធភាពនាំចេញរថយន្ត ទៅក្រៅប្រទេសបន្ថែមទៀត។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖ « សំខាន់ មានតែម Made In Cambodia មិនត្រឹមមានតែខោអាវទេ គឺមានទាំងឡាន ដាក់ VIN Number Cambodia ទៀត។ នេះជាមោទកភាពរបស់កម្ពុជា។ ដើមជំហានគីង្គក់ តែយើងយើងលោតទៅមុខ។ តក់ៗពេញបំពង់ កុំអាល់មើលងាយអ្នកតក់ៗពេញបំពង់ហ្នឹង។»។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថា ៖ គុណភាព ភាពធន់ តម្លៃសមរម្យ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍។ ខណៈហើយរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងទិញរថយន្តដែលមានលក្ខណៈសម្បត្តិបែបនេះយកមកប្រើប្រាស់ដែរ ជាពិសេសចំពោះរថយន្តដែលមានរោងចក្រមានផ្ដល់សេវាជួសជុល និងផ្គត់ផ្គង់គ្រឿងបន្លាស់រឹតតែល្អប្រើសើរ ដែលនេះជាអ្វីដែលសម្ដេចជំរុញ និងលើកទឹកចិត្ត។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវដល់វិនិយោគិនជ្រើសរើសយកកម្ពុជា ក្នុងការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖