ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA CAMBODIA

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានអញ្ជើញជា​អធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA CAMBODIA។ 

នាឱកាស​នោះ​ សម្ដេចនាយករដ្ឋមន្រ្តី​ បានថ្លែងកោតសរសើរក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជាជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តនិងឈានទៅដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ដើម្បីចែកចាយនៅលើទីផ្សារ ។ 

សម្ដេចធិបតី​ បានថ្លែង​បន្តថា​ វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបនេះ ផ្តល់ឱកាសការងារ ប្រាក់បៀវត្សរ៍ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ 

សូមជម្រាបជូនថា​ ក្រុមហ៊ុន RMA CAMBODIA បានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មដ៏ល្បីល្បាញលើពិភពលោកក្នុងវិស័យជាច្រើនដូចជា យានយន្តកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មចំណីអាហារជាដើម។ ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ក្នុងនោះមានបុគ្គលិកនារីចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសចំនួន ២,៣០៣ នាក់៕

ដោយ​៖ តារា​


ចែករំលែក៖