ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ទោ សាន សាធុកា ដែលដើរជំរិតអ្នករកសុីលក់ផលិតផលអនឡាញ អាចអស់តួនាទី ខណៈអង្គភាពបង្កើតក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មាន អំពីអំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានផ្សព្វផ្សាយពី លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បី ចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក។ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឲ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះនាយកដ្ឋានបានពិនិត្យឃើញថានៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មានដែលមានខ្លឹមសារថា ” លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បី ចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក។

ពាក់ព័ន្ធករណីខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា៖ ក្រោយទទួលបានព័ត៌មានខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានធ្វើការចាត់តាំងសមាសភាពក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មាន និង បានធ្វើការកោះហៅលោកវរសេនីយ៍ទោ សាន សាធុកា ឋានៈ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មកធ្វើការសាកសួរបំភ្លឺជុំវិញករណីខាងលើ ដើម្បី នាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្ត នីតិវិធីបន្ត ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងបណ្តាញព័ត៌មានទាំងអស់ជ្រាបជា ព័ត៌មាន។

សូមបញ្ជាក់ថា ៖ មានអ្នករកសុីផ្សេងៗផងដែរ រងការជំរិតពីបុគ្គលនេះ មានទាំងភ័ស្តុតាង តាមរយៈផ្ញើប្រាក់ឱ្យគាត់ចូលគណនីយ៉ាងច្បាស់ក្រឡែត គាត់នៅតែបញ្ជាក់ថាអត់បានប្រព្រឹត្ត អត់បានដឹង ខ្ញុំមិនដឹង…..ជាដើម។

លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ឡើងតួនាទីក៏ផ្លោះពីអនុប្រធានការិយាល័យ មកជាអនុប្រធាននាយកដ្ឋាន ទាំងបុគ្គលមានប្រវត្តិដើរជំរិតលុយអ្នករកលក់ប្រេងតាមស្ថានីយ ហើយគេថតបង្ហោះល្បីឈ្មោះក្នុងការប្រព្រឹត្តអំពើពុករលួយនេះពេញផ្ទៃប្រទេសផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖