នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls បានថ្លែងថា កម្លាំងសន្តិសុខប្រមាណ៧ពាន់ត្រូវដាក់ពង្រាយជារៀងរាល់ថ្ងៃដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមជ្រុលនិយមរដ្ឋអិស្លាម IS ធ្វើឲ្យគម្រោងការវាយប្រហាររបស់ក្រុមនេះបរាជ័យជានិច្ច ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា មនុស្ស១៥.០០០នាក់បាននិងកំពុងស្ថិតក្រោមការតាមដានត្រួតពិនិត្យថា តើមានជាប់ពាក់ព័ន្ធជាមួយក្រុមរ៉ាឌីកាល់ដែរឬយ៉ាងណា ខណៈដែលប្រទេសបារាំងទាំងមូលបាននិងកំពុងបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមជីហាដនិយម ។
បារាំងបានបញ្ជាក់កាលពីដំបូងឡើយមកថា មនុស្ស១០.០០០នាក់ បានស្ថិតក្នុងសភាពសង្ស័យថា ជាមនុស្សគ្រោះថ្នាក់ គំរាមកំហែងដល់សន្តិសុខ ។ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ត្រូវចាប់ខ្លួនក្នុងទីក្រុងប៉ារីសកាលពីថ្មីៗកន្លងមកនេះ ដោយសង្ស័យរៀងគម្រោងការវាយប្រហារបារាំងថ្ងៃចុងសប្តាហ៍ ។ ក្រុមស៊ើបអង្កេតបានតាមដានស៊ើបអង្កេតជនសង្ស័យតាំងពីខែមេសា ឆ្នាំ២០១៦មកម្ល៉េះ ។ ជននេះមានទំនាក់ទំនងជាមួយសមាជិកក្រុមរដ្ឋអិស្លាមម្នាក់ដែលមានឈ្មោះថា Rachid Kassim ។
បារាំងបានស្ថិតនៅក្នុងប្រទេសដែលកំពុងអនុវត្តច្បាប់គ្រាអាសន្ន ក្រោយពីក្រុមរដ្ឋអិស្លាមបានវាយប្រហារនៅប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សម្លាប់មនុស្ស១៣០នាក់ ហើយជាអ្វីដែលប្រធានាធិបតីបារាំង Francois Hollande ហៅថា ជាសកម្មភាពបង្កសង្គ្រាម ។
ប៉ុន្តែទោះបីយ៉ាងណា សន្តិសុខនៅពេលបច្ចុប្បន្នមានសភាពល្អប្រសើរ ។ ការស៊ើបអង្កេតរកឃើញថា មានផលប៉ះពាល់តែមួយប៉ុណ្ណោះបានកើតឡើង ។
គេបានស្នើឲ្យដាក់ពង្រាយកម្លាំងសន្តិសុខពី៦ពាន់នាក់ទៅ៧ពាន់នាក់ ដើម្បីការពារ យាមកាមនៅតាមសាលារៀន សាលប្រជុំ អគារលក់ទំនិញ និងទីន្លែងផ្សេងៗដទៃទៀត ។
នាយករដ្ឋមន្ត្រីបារាំង Manuel Valls ថ្លែងថា ការគំរាមកំហែងស្ថិតនៅកម្រិតខ្ពស់បំផុត ហើយយើងគឺជាគោលដៅចម្បងមួយ ។ រាល់ថ្ងៃនៃ កម្លាំងសន្តិសុខ ប៉ូលិស បានធ្វើឲ្យបរាជ័យដល់ការប៉ុនប៉ងវាយប្រហារ ការប៉ងធ្វើភេរវកម្ម ។ មនុស្ស១៥.០០០នាក់ក្នុងប្រទេសបារាំង បានស្ថិតក្រោមការតាមដានត្រួតពិនិត្យ ។ ពួកគេទាំងនេះសង្ស័យពាក់ព័ន្ធជាមួយក្រុមរ៉ាឌីកាល់និយម ៕ ថាច់ យ៉ាត