ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយនៅមុននេះបន្តិចថា លោកស្រីហ៊ីឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតី មានជំងឺរលាកសួត ហើយលោកវេជ្ជបណ្ឌិតប្រចាំរបស់លោកស្រីបានពិនិត្យព្យាបាលផងដែរ ក្រោយពីលោកស្រីវិលត្រឡប់ពីចូលរួមពិធីរំលឹកអនុស្សាវរីយ៍ ការវាយប្រហារភេរវកម្ម ១១ កញ្ញា ។
លោកវេជ្ជបណ្ឌិត Lisa Bardack បានថ្លែងថា លោកស្រី គ្លីនតុន ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញបញ្ហារលាកសួតកាលពីថ្ងៃទីសុក្រ ហើយត្រូវបានដាក់ថ្នាំរួចរាល់ ប៉ុន្តែដោយសារខ្វះជាតិទឹក ក្នុងអំឡុងពេលចូលរួមខួបអនុស្សាវរីយ៍ ១១ កញ្ញា នៅទីក្រុងញូវយ៉ក ទើបបណ្តាលឲ្យរើបរើឡើងវិញ ។
សេចក្តីប្រកាសលោកវេជ្ជបណ្ឌិតបញ្ជាក់ថា នៅពេលនេះអាការជំងឺរបស់លោកស្រី មានសភាពល្អប្រសើរដូចដើមវិញហើយ ។
ក្រុមយុទ្ធនាការរកសំឡេងឆ្នោតបានបញ្ជាក់ថា លោកស្រីគ្លីនតុន បានលុបចោលគម្រោងទៅកាន់កាលីហ្វ័រនីញ៉ា ទីដែលរៀបចំយុទ្ធនាការឃោសនារកសំឡេងគាំទ្រនៅទីនោះ ដោយអាស្រ័យថា លោកស្រីមានអការមិនស្រួលខ្លួន ។ លោកស្រីនឹងទៅកាន់ទីនោះនៅពេលក្រោយដើម្បីរៃអង្គាសប្រាក់ ក៏ដូចថ្លែងសុន្ទរថាស្តីអំពីបញ្ហាសេដ្ឋកិច្ចជាដើម ៕ ថាច់ យ៉ាត