ភ្នំពេញ ៖ បុរសចិត្តឆេវឆៅម្នាក់ ព្រោះតែខឹងម្ដាយមិនដណ្ដឹងប្រពន្ឋឲ្យ បានយកសាំងចាក់ដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានបងប្អូន និងប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១០២ ផ្លូវបេតុង ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក នៅ ទិត្យ អនុសេនីយ៍ទោនាយផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់អ្នកយកព័ត៌មានការសែតនគរវត្តឲ្យដឹងថា បុរសដែលចាក់សាំងដុតផ្ទះខ្លួនឯងខាងលើមានឈ្មោះ ហូ ផល្លីម អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ ជាកូនទី៦ក្នុងគ្រួសារ ប្រុស២នាក់ ស្រី៥នាក់ មានម្ដាយឈ្មោះ យ៉ង ពៅ អាយុ៥៧ឆ្នាំ មុខរបរកសិករ កំព្រាឪពុក ហើយផ្ទះដែលបុរសនោះដុតមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ថ្មក្រោមឈើលើ ប្រក់សង្ក័សី ។
លោកអនុសេនីយ៍ទោ នៅ ទិត្យ បានប្រាប់បន្តថា បើតាមសម្តីបងប្អូនរបស់ជនបង្កឈ្មោះ ហូ ផល្លីម ថា រូបគេជាមនុស្សញៀនថ្នាំ ឪពុកម្តាយស្តីប្រដៅលែងស្តាប់ទៅហើយ គិតតែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ មុនពេលកើតហេតុ ពេលល្ងាចជនបង្ករូបនោះ ត្រឡប់មកពីដើរលេងវិញ ស្រាប់តែដេញម្ដាយឲ្យទៅចងការលុយយកទៅសងគេ ព្រោះអីរូបគេលេងបាល់ចាញ់ និងជំពាក់គេច្រើនណាស់ ពេលនោះម្ដាយជនបង្កមិនព្រមធ្វើតាមជនទេ ដោយសារតែមិនធ្វើតាម ជនបង្កបានលើកយកទូររទូស្សន៍ទៅបញ្ចាំបាត់ ហើយពេលត្រឡប់មកវិញនោះក៏បានឲ្យម្ដាយទៅស្ដីដណ្ដឹងប្រពន្ឋឲ្យរូបគេថែមទៀត រីម្ដាយមិនព្រមធ្វើតាមនោះទេ ទើបធ្វើឲ្យរូបគេខឹង រួចហើយបានដើរឡើងទៅលើផ្ទះចាក់សោទ្វារផ្ទះពីខាងក្នុងជិត បន្ទាប់មកក៏ស្រាប់តែមានភ្លើង និងផ្សែងហុយខ្មួលខ្មាញ់ចេញពីលើផ្ទះ ឃើញដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបាននាំគ្នាជួយយកទឹកទៅពន្លត់ម្នាក់មួយដៃមួយជើង ទើបភ្លើងរលត់ទៅវិញ ដោយមិនបណ្តាលឲ្យឆាបឆេះផ្ទះទេ គ្រាន់តែឆេះខោអាវ និងរបស់របរក្នុងផ្ទះអស់មួយចំនួន ។
ក្រោយពីកើតហេតុភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះមកមើល និងឃាត់ខ្លួនបុរសរូបនោះ យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ