ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បរិច្ចាគថវិកា ៨០លានរៀល ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

ចែករំលែក៖

ភ្នំពេញ៖ លោកសំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ បាននាំយកថវិកាចំនួន ៨០លានរៀល ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦២ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែ បានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ 

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127 * ប្រាក់ដុល្លារអាមេរិក៖ 300001709996

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖

* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥

* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤

* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨៕

ដោយ៖ សូរិយា


ចែករំលែក៖