ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នងមាន៣បន្ទប់ បំពាក់គ្រឿងសង្ហារឹមគម្រោងឆ្នាំ២០២៥ និងបើកវេទិការសាធារណៈផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងអនុវិទ្យាល័យគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក។
ក្នុងឱកាសនោះ លោកនាយកសាលា បានអោយដឹងថា អនុវិទ្យាល័យគគីរ ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង មានចម្ងាយ ១៣ គីឡូម៉ែត្រពីទីរួមស្រុករមាសហែក និងមានចម្ងាយ៥៧គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង ។
សាលាអនុវិទ្យាល័យគគីរត្រូវបានកសាងឡើងនៅក្នុងឆ្នាំ២០០៩ ដោយធនាគារអភិវឌ្ឍន៍អាស៊ី A D B អស់ថវិកាសរុប ៥៨,៨៤៤ ដុល្លារអាមេរិក គឺមានអគារសិក្សា០១ខ្នង ០៥ បន្ទប់ និងមានបង្គន់អនាម័យ០១ខ្នង មាន៤បន្ទប់ ។បរិវេណសាលារៀនព័ទ្ធជុំវិញទៅដោយផ្លូវ លំ និងជាប់ពីរភូមិ គឺភូមិគគីរ និងភូមិត្រពាំងស្គន់ ។
លោកបន្តថា ចំពោះការអភិវឌ្ឍនិងការកែលម្អបរិស្ថានសាលារៀន៖ ចាប់តាំងពីពេលបើកបវេសនកាលឆ្នាំសិក្សាដំបូងមក នៅក្នុងឆ្នាំសិក្សា២០០៩-២០១០ សាលារៀនមិនមានបរិស្ថានល្អនោះទេ ដូចនេះ អាជ្ញាធរភូមិឃុំ គណៈ គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បានខិតខំកៀរគររកសប្បុរសជនជិតឆ្ងាយ ដើម្បីរៀបចំអភិវឌ្ឍន៍សាលាជាបណ្តើរៗ ដូចតទៅ ៖ចាប់តាំងពីឆ្នាំសិក្សាដំបូង រហូតមកដល់ពេលបច្ចុប្បន្នសាលាបានខិតខំកែលម្អបរិស្ថានជាបណ្តើរៗមានដូចជា កាប់គាស់គល់ឈើ កាប់ឆ្ការព្រៃជាបណ្តើរៗ ដើម្បីបង្កើតទីធ្លាឱ្យស្រឡះល្អ ធំទូលាយ ចាក់ដីលុបថ្លុកនៅជុំវិញសាលារៀន ។
ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៏ថា វិស័យអប់រំគឺជាវិស័យមួយដ៏មានសារសំខាន់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងនិងជំរុញយ៉ាងខ្លាំង ដែលធ្វើឱ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយនៅខេត្តស្វាយរៀងក្រោមការដឹកនាំ ពីសំណាក់ លោកប៉េង ពោធ៏សា អភិបាលខេត្ត។
លោកអភិបាលស្រុកក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ សហគមន៍ និងសិស្សានុសិស្សទាំងអស់ ក្រោយពីបានអគារសាលារៀនមួយខ្នង៣បន្ទុបនិងបំពាក់គ្រឿងសង្ហារឹមគម្រោង
ដែលត្រូវធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ ហើយត្រូវចូលរួមថែរក្សា ការពារសាលារៀននេះឱ្យល្អស្អាត សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។
លោកបានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់សាលារៀននេះ
ធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដើម្បីមានគុណភាពល្អនិងប្រើប្រាស់បានយូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។
លោកអភិបាលស្រុកបានបន្ថែមថា ដល៉ ពេលវេលាដែលត្រូវពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទៀតហើយបងប្អូន។
ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឬអ្នកត្រូវកែទិន្នន័យ ឬត្រូវធ្វើជីវមាត្ររូបថតថ្មី និងស្នាមមេដៃថ្មីឡើងវិញ សូមអញ្ជើញទៅសាលាឃុំឱ្យទាន់ពេលវេលាដែលមានរយ:ពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះផងដែរ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច