ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់លួចម៉ូតូត្រូវកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

 សមត្ថកិច្ចបញ្ជាក់ថាៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សួត សុភា ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ  ករណីចោរលួចម៉ូតូ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស លាយពណ៌ផ្កាឈូក ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AC-4241។  បន្ទាប់ពីទទួលបណ្តឹងខាងលើរួចកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន។ បន្ទាប់មកទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានទំនាក់ទំនងពន្លាតដែនសមត្ថកិច្ចសហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបាត់ដំបង និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៧ និង៥៥នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ជឹម សុខធា (ប៉ិ) ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ លន់ វុទ្ធី (ចេក) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស លាយពណ៌ផ្កាឈូក ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1AC-4241 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ២.ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ផតឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ 1DK-0291 ចំនួន០១គ្រឿង, ចំណែកបក្ខពួកចំនួន០១នាក់ទៀតឈ្មោះ តុ (ពុំស្គាល់ត្រកូល) ភេទប្រុស អាយុ១៧ឆ្នាំ បានរត់គេចខ្លួន ។លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវ្ថុតាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានប្រគល់ជនសង្ស័យ និងវត្ថុតាងមកឱ្យកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាត់ការបន្តតាមនីតិវិធី ។ 

លោកវរសេនីយ៍ សុខ ឡេង បានបន្តថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ សូមបញ្ជាក់ថា ក្រុមជនសង្ស័យខាងលើជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីលួចម៉ូតូកន្លងមក បន្ទាប់ពីធ្វើសម្មភាពរួចក្រុមនេះ បានរត់គេចទៅលាក់ខ្លួននៅខេត្តប៉ៃលិន។ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖