ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ គិតតែពីគ្រួសារចោលការងារក៏មិនបាន។គិតតែពីការងារចោលគ្រួសារក៏មិនបាន។

សម្តេចបន្តថា ៖ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣និង៤ឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុង ពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ៖ ថ្ងៃ៤និង៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។

ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភាសម្រាប់បងប្រុស បានទេព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង៧ព្រឹកដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង ១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ នៅឥណ្ឌូនេសុីពីថ្ងៃ៥ដល់ថ្ងៃ៧មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។

សម្តេចតេជោ ហ៊ុន សែន ថា ៖ តាមការគ្រោងទុកខ្ញុំនឹងធ្វើបាឋកថា មួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាសុីបូពា៏នាទីក្រុងហ្សាកាតានាព្រឹកថ្ងៃ៦ឧសភា។

ថ្ងៃត្រង់៧ឧសភាខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តេដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ៩ឧសភា២០២៥ទើបមកដល់កម្ពុជាវិញ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ ថ្ងៃ១០ឧសភាមិនទាន់បានសម្រាកវាយកូនគោលទេព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះគឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូន របស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។

ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារនិងបញ្ហាគ្រួសារ៕

ដោយ ៖ សិលា


ចែករំលែក៖