ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករ ជាតារាចម្រៀង តារាបង្ហាញម៉ូដ តារាកំប្លែង និងពិធីករ ប្រមាណជាង៣០នាក់នឹងរួមគ្នាក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនលើកម្រាលព្រំក្រហមមួយនៅចុងសប្តាហ៍នេះ នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វា ប្រយោជន៍រួមគ្នាស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅបរិវេណសាកលវិទ្យាល័យន័រតុនក្រោមវត្តមានថ្នាក់គ្រប់គ្រងសាលា សិល្បករ និងសិស្សនិស្សិតជាច្រើនរូបទៀត ។
តារាល្បីៗ ដែលបានបង្ហាញខ្លួននៅក្នុងវេទិកានោះ រួមមាន កញ្ញា សុខ ពិសី, អ្នកនាងចន ច័ន្តលក្ខិណា, អ្នកនាងសឿ សុធារ៉ា, កញ្ញាទេព បូព្រឹក្ស, លោកជ័យ សុវ៉ាត, លោកម៉ា ច័ន្ទបញ្ញា, កញ្ញាឈិត សុវណ្ណបញ្ញា, កញ្ញាមាស សម្ផស្ស, កញ្ញា អាលីហ្សា, កញ្ញាពេជ្រ អាវីហ្សា, លោកចន អេឡិចហ្សូរ៉ា, កញ្ញាតូច ស្រីពេជ្រ, លោកចន ច័ន្ទដារ៉ា, លោកខេន វណ្ណាថាត់, លោកសន វិជ្ជបុត្រ, លោកគន់ រៀមរតនៈ, លោកឃីម រតនៈ, កញ្ញាស្រីពៅមុខឈើ, លោកលី ណូរ៉ា, អ្នកនាងវ៉ាន់ ជាតា។
លោក ផាត់ តារារដ្ឋ ស្ថាបនិកក្រុមគ្រួសារតារាកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ដើរលើកំរាលព្រំ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧កញ្ញាគឺជាការរៀបចំដោយនិស្សិតពេទ្យរបស់សាលាន័រតុន ក្រោមការជ្រោមជ្រែងសាកលវិទ្យាល័យន័រតុនដោយមានការរៀបចំកម្មវិធីសិល្បៈពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា» ។ ព្រឹត្តិការណ៍ធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៧ និង១៨កញ្ញាដោយមានកម្មវិធីពិព័រណ៌តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៨យប់ ។ ដោយឡែកសម្រាប់ការប្រគំតន្រ្តីនិងដើរលើកំរាលព្រំរបស់តារាល្បីគឺធ្វើតែមួយថ្ងៃប៉ុណ្ណោះនៅថ្ងៃទី១៧កញ្ញា។ ព្រឹត្តិការណ៍នេះក៏នឹងមានភាពប្លែកពីកម្មវិធីដទៃគឺសិល្បករទាំងអស់នឹងមានឱកាសដើរលើកម្រាលព្រំក្រហមអមដោយអ្នកគាំទ្រឈរចាំស្វាគម។
តារាសម្តែង និងបង្ហាញម៉ូដ អ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា មកទល់ពេលនេះ មានតារាសិល្បៈកាន់តែច្រើន បានរួមគ្នាជួយមន្ទីរពេទ្យគន្ធបុប្ផា និងការងារសង្គមផ្សេងទៀត ។ នាងស្នើឲ្យមហាជនជួយការចូលរួម និងសុំអោយពួកគេមានការបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យនេះបានចូលរួមចំណែកជួយដល់ការព្យាបាលកុមារកម្ពុជាពិសេសកុមារដែលមកពីក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ។ នាងថាព្រឹត្តិការណ៍នេះពិតជាបានចូលរួមចំណែកក្នុងការសម្រាលបន្ទុកមួយតូចដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាការចូលរួមជួយដល់សង្គមផងដែរ។
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរ កញ្ញា សុខ ពិសីបានថ្លែងពីអារម្មណ៍រីករាយ សាទរ ដែលព្រឹត្តិការណ៍ប្រគំន្ត្រី និងបង្ហាញទេពកោសល្យសិល្បៈរបស់សិល្បករផ្សេងទៀតត្រូវបានធ្វើឡើងនៅពេលនេះ ក្នុងបុព្វហេតុជួយដល់សង្គម។ នាងថា នេះគឺជាលើទី២ ហើយដែលនាងបានចូលរួមព្រឹត្តិការណ៍ទ្រង់ទ្រាយធំបែបនេះ ហើយនាងរំពឹងថាអ្នកគាំទ្រនាង និងសិល្បករដទៃនឹងចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាបរិច្ចាកថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់មន្ទីរពេទ្យគន្ធរបុប្ផាផងដែរ ៕ វឌ្ឍនា