ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញស្រាវជ្រោវបង្ក្រោបរយៈពេល០៣ថ្ងៃ ឃាត់បានជនសង្ស័យ២៩នាក់ពាក់ព័ន្ធបទល្មើស១១ករណី រួចបញ្ជូនទៅតុលាការ

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យចំនួន២៩នាក់រួមនឹងម៉ូតូរថយន្តជាច្រើនគ្រឿងព្រមទាំងវត្ថុតាងជាច្រើនទៀតនិងកាំភ្លើងខ្លី មួយដើម ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌទាំង០៦ រួមមាន៖ ខណ្ឌពោធិ៍សែនជ័យ , ខណ្ឌដង្កោ, ខណ្ឌកំបូល, ខណ្ឌមានជ័យ, ខណ្ឌចំការមន និងខណ្ឌប្ញស្សីកែវ  យកមកបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីស្រាវជ្រាវបង្ក្រាបបាន១១ករណីក្នុងរយៈពេល ០៣ថ្ងៃ ។

លោក ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរងនគរបាលជាតិ និង ជា ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជា អោយកម្លាំងជំនាញនគរបាលទូទាំងអធិការដ្ឋានខណ្ឌទាំង១៤ធ្វើការសហការ ស្រាវជ្រាវបង្ក្រាប  បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់។

តាមនគរបាលរាជធានីភ្នំពេញទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថានៅក្នុង រយៈពេល៣ថ្ងៃគិតពីថ្ងៃ០៦ ដល់ថ្ងៃទី០៨ ឧសភា ២០២៥ ជាលទ្ធផលបង្ក្រាប សរុប ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៩ នាក់ ។នៅក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន ០៧នាក់ និងជាមុខសញ្ញាចាស់ ០១នាក់ ។ 

តាមនគរបាលបានឲ្យដឹងទៀតថានៅក្នុងចំណោមជនសង្ស័យទាំង២៩នាក់ក្នុងនោះមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចំនួន០៣ករណី ឃាត់ខ្លួន ១២នាក់ (ក្មេងទំនើងក្រុមឈ្មោះ ចិត្តតាន់ និងឈូកវ៉ា១ CV1),ករណីលួច ០៦ករណី ឃាត់ខ្លួន ០៨នាក់(មានសារធាតុញៀន០៦នាក់),ករណីកាប់ប្លន់យកម៉ូតូ០១ករណី ឃាត់ខ្លួន ០៣នាក់ (មានសារធាតុញៀន០១នាក់) និង,ករណីអំពីលក់-ដូរមនុស្ស, ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់០១ករណី ឃាត់ខ្លួន ០៧នាក់។ 

តាមនគរបាលបានឱ្យដឹងទៀតថានៅក្នុងចំណោមជនសង្ស័យចំនួនទាំង២៩នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានចំនួន ០៣ករណី ឃាត់ខ្លួន ១៦នាក់។  ក្នុងនោះមាន៖ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើងក្រុមឈ្មោះ ចិត្តតាន់ និងឈូកវ៉ា១ CV1) ករណីលក់-ដូរមនុស្ស, ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់,កាប់ប្លន់យកម៉ូតូ។ នគរបាលខណ្ឌមានជ័យ បង្ក្រាបបាន០២ករណី ឃាត់ខ្លួន ០២នាក់ (លួចទូរស័ព្ទដៃ និងលួចកាបូប), ខណ្ឌកំបូលបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ (លួចទូរស័ព្ទដៃ),នគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០៤នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស,នគរបាលខណ្ឌចំការមនបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០២នាក់ ,នគរបាលខណ្ឌឬស្សីកែវបង្ក្រាបបាន ០១ករណី ឃាត់ខ្លួន ០២នាក់ (លួចទូរស័ព្ទដៃ)  និងនគរបាលខណ្ឌដង្កោបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០២នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

បច្ចុប្បន្នជនសង្ស័យទាំង២៩នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖