ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យលោក Raza Farrukh អ្នកជំនាញការ ទទួលបន្ទុកការអភិវឌ្ឍតំបន់អាសុីប៉ាសុីហ្វិក នៃធនាគារអភិវឌ្ឍន៍អាសុី និងគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម និងបងប្អូនប្រជាកសិករ ឯកឧត្តម សូមសំដែងនូវការថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាសុី ( ADB ) ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ក្រសួងធនធានទឹក និងឧតុនិយម ទាំងលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅកម្ពុជា ។
លោករដ្ឋមន្ត្រី បន្តទៀតថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងតាមរយៈការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមទាំងធនាគារអភិវឌ្ឍន៍អាសុី បានជម្រុញឲ្យប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ត្រូវបានពង្រីកសក្តានុពលយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែមិនទាន់បានគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលទាំងស្រុងនោះទេ ។
បច្ចុប្បន្នក្រសួង បាន និងកំពុងបន្តសាងសង់បន្ថែម ដើម្បីឈានទៅសម្រេចការផ្គត់ផ្គង់ទឹកជូនបងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
លោក Raza Farrukh បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ដោយពិនិត្យឃើញនូវទស្សនវិស័យ និងផែនការច្បាស់លាស់របស់ក្រសួង ភាគី ADB នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាំងផ្នែកទន់ និងផ្នែករឹង ។
លោកបន្តថា ADB បានសម្រេចផ្តល់ហិរញ្ញប្បទានសម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២៥០ លានដុល្លាសហរដ្ឋអាមេរិក បន្ថែមទៀត សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងទឹក ជំហានទី ២ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ១០ ឆ្នាំ ( ២០១៨-២០២៨ ) ។ លោក Raza បន្តថា ទន្ទឹមនឹងការអភិវឌ្ឍលើប្រព័ន្ធធារាសាស្ត្រក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ADB នឹងផ្តល់នូវជំនួយឥតសំណង ចំនួន ២ លាន ដុល្លាសហរដ្ឋអាមេរិក សម្រាប់កិច្ចការរៀបចំបទដ្ឋានបច្ចេកទេស ។
ទាក់ទងទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាសុី ជួយបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងធនធានទឹក និងឧតុនិយម លោក Raza បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគី ADB បានសម្រេចផ្តល់នូវកញ្ចប់ហិរញ្ញប្បទាន ចំនួន ៥ លាន ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យ ( Database Center ) និងការតម្លើងបន្ថែមនូវស្ថានីយជលសាស្ត្រស័្វយប្រវត្តិ ៣០ កន្លែង និងស្ថានីយឧតុនិយមស្វ័យប្រវត្តិ ៣០ កន្លែង ។ ភាគី ADB ក៏នឹងធ្វើសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារអវកាសអឺរ៉ុប ( European Space Agency ) ក្នុងការនាំយកនូវបច្ចេកវិទ្យា Garman មកបំពាក់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឱ្យមជ្ឈមណ្ឌលនេះ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យកម្រិតពិភពលោក ( World Class Database Center ) ។ លោក Raza បន្តថា ដើម្បីសម្រេចនូវកិច្ចការដ៏ធំនេះបាន និងប្រកបដោយនិរន្តរភាព ភាគី ADB នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីរៀបចំបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងឲ្យមានសមត្ថភាព និងជំនាញច្បាស់លាស់ ទាំងកិច្ចដំណើរការ ទាំងការជួសជុលថែទាំ ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាថ្មីម្តងទៀត បានសំដែងនូវការថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាសុី ដែលបានយកចិត្តទុកដាក់ និងឆ្លើយតបជាវិជ្ជមាន ចំពោះសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ទាំងការបង្កើតនូវមជ្ឈមណ្ឌលទិន្នន័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ។
លោករដ្ឋមន្ត្រី បន្តថា គម្រោងធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជំហានទី ២ ដែលនឹងត្រូវអនុវត្តពីឆ្នាំ ២០១៨ ដល់ ២០២៨ គឺជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងដោះស្រាយទឹកជូនប្រជាកសិករកម្ពុជា ។ ចំពោះមជ្ឈមណ្ឌលទិន្នន័យ វាគឺជាឃ្លាំងទិន្នន័យ និងចំណេះដឹងដ៏សំខាន់ ដែលមិនត្រឹមតែបម្រើឱ្យការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយមប៉ុណ្ណោះទេ ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏នឹងបម្រើឱ្យការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ហើយក៏ជាឃ្លាំងចំណេះដឹង សម្រាប់អ្នកស្រាវជ្រាវជំនាន់នេះ និងជំនាន់ក្រោយៗទៀត ៕ ហេង សូរិយា