ម្ង៉ៃណោះ ខ្ញុំបាទបានប្រទះភ្នែកព័ត៌មានមួយ ដែលបានអះអាងថា មួយថ្ងៃ កម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោន នៅគ្រាដែលយើងដឹងគ្រប់គ្នាថា ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្ម គឺដំណាំគ្រប់ប្រភេទ អាចដាំដុះបានទិន្នផលខ្ពស់ និងមិនចំណាយទ្រព្យធនអ្វីច្រើននោះឡើយ ។ ប៉ុន្តែហេតុអ្វី កម្ពុជាក្នុងដំណាក់កាលនេះ បែរជាត្រូវនាំគល់ស្លឹកគ្រៃពីបរទេសក្នុងមួយថ្ងៃរហូតដល់៥០តោន?
វាក្លាយជាទម្លាប់តាមគ្រួសារ ដែលដល់ពេលស្លរស្លុក ប្រើកូនចៅឲ្យកាន់ប្រាក់ទៅទិញគល់ស្លឹកគ្រៃពីតូបចិន នៅគ្រាដែលដីមុខផ្ទះ, ដីចំហៀងផ្ទះ, ក្រោយផ្ទះ ទុកទំនេរចោលមិនព្រមដាំជីស្លឹកគ្រៃ ។ ករណីនេះ គួរតែស្ថាប័នមានសមត្ថកិច្ច ពោលគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកយុទ្ធនាការអប់រំ ណែនាំប្រជាពលរដ្ឋអំពីការដាំដំណាំជុំវិញរបងផ្ទះ ចៀសវាងដល់ម៉ោងស្លរស្លុក កាន់ប្រាក់ទៅតូបចិន ។ វាមិនមែនជាការលំបាកណាស់ណានោះទេ ដែលយើងត្រូវកាត់បន្ថយការនាំស្លឹកគ្រៃចូលពីបរទេសនោះ ។ វិធានការនៃការអប់រំ ណែនាំប្រជាពលរដ្ឋឲ្យយល់ ឬឲ្យតម្លៃចំពោះដំណាំបន្ទាប់បន្សំ ដែលអាចដាំនៅជុំវិញផ្ទះ គឺជារឿងប្រសើរបំផុត ។
ក្នុងមួយថ្ងៃកម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោន ដែលជាការខាតបង់ថវិកាដ៏ច្រើននៅគ្រាដែលគេដឹងថា ប្រទេសកម្ពុជាយើងអាចធ្វើបានចំពោះករណីនេះ ។ ការកាត់បន្ថយទម្លាប់នៃការទិញ សូម្បីជី ស្លឹកគ្រៃ គឺជារឿងមួយដ៏សំខាន់ ដែលអាជ្ញាធរ ក៏ដូចជាស្ថាប័នជំនាញត្រូវបន្តអប់រំ ណែនាំប្រជាពលរដ្ឋ ។ បច្ចុប្បន្នប្រជាពលរដ្ឋយើងហាក់បីដូចជាបាញ់ឆ្ពោះទៅរកការ«ទិញ» ជំនួសឲ្យការធ្វើពលកម្មដើម្បីបានផលិតផលខ្លួនឯង ដែលគ្មានជាតិគីមីផងនោះ ។ ជាធម្មតា ការនាំទំនិញ(ជី ស្លឹកគ្រៃ) ចូលពីបរទេស ពិតជាត្រូវដាក់សារធាតុគីមី ដើម្បីរក្សាគុណភាពទំនិញទាំងនោះ ។ ដូច្នេះអ្នកប្រើប្រាស់ពិតជាប៉ះពាល់អំពីសារធាតុគីមី ដែលគេដាក់នឹងទំនិញទាំងនោះ ៕ ប្រជាពលរដ្ឋម្នាក់