ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃដំឡូងមីខេត្តត្បូងឃ្មុំធ្លាក់ចុះធ្វើឲ្យព្រួយ បារម្ភ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ប្រជាកសិកររស់នៅខេត្តត្បូងឃ្មុំត្អូញត្អែរពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោកមិនអាចទូទាត់ទៅនឹងការចំណាយបាន។ តម្លៃដំឡូងមីចុះថោកពេលនេះកសិករត្រូវប្រឈមការខាតបង់ព្រមទាំងត្រូវជំពាក់ បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងពីព្រោះមិនអាចបង្វិលដើមទុនដោះស្រាយបំណុលបាន។ ពួកគាត់លើកឡើង ថា ប្រសិនបើតម្លៃដំឡូងមីបានខ្ពស់វាមិនត្រឹមតែជួយប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែវាជាការលើកទឹកចិត្តដល់ពួកគាត់ឱ្យកាន់តែស្រលាញ់មុខរបរកសិកម្មថែមទៀត។ កសិ ករនៅឃុំជាំក្រវៀនមានប្រសាសន៍ថា តម្លៃដំឡូងមីនៅឆ្នាំនេះគឺខុសគ្នាស្រឡះទៅនឹងឆ្នាំកន្លងទៅ។ លោកថា ឆ្នាំមុនកសិករអាចលក់ដំឡូងមីស្រស់បានមួយគីឡូក្រាម៣០០ រៀលទៅ៤០០រៀលប៉ុន្តែឆ្នាំនេះគឺបាន មួយគីឡូក្រាម១៥០រៀលទៅ១៦០រៀល ហើយត្រូវចំណាយថ្លៃដឹកជញ្ជូន៩០រៀលទៀតផង។ ចំណែកតម្លៃទំនិញនៅលើ ទីផ្សារដូចជា ជី ថ្នាំបាញ់សម្លាប់សត្វល្អិត ឬបាញ់ជំនួយដើមព្រមទាំងការជួលម៉ាស៊ីនភ្ជួររាល់ពូជដំឡូងនិងកម្មករផងគឺកាន់តែមានតម្លៃខ្ពស់។

អ្នកស្រី សុខ ជឿន ឱ្យដឹងថា អ្នកស្រី មានផ្ទៃដី៨ហិកតាដើម្បីដាំដំឡូងដោយ សង្ឃឹមថានឹងមានតម្លៃខ្ពស់គ្រាន់ដោះស្រាយជីវភាពរស់នៅ។ ក្ដីសង្ឃឹមនេះប្រែជារលាយ ពីព្រោះបច្ចុប្បន្នតម្លៃដំឡូងធ្លាក់ចុះខ្លាំង រហូតធ្វើឱ្យកសិករខ្លះទុកដំឡូងខ្លួនចោលតែម្ដងដោយសារមិនអាចទូទាត់ការចំណាយបាន។ អ្នកស្រីបន្តថា តាំងពីចាប់ផ្ដើមដាំ រហូតជិតទទួលផលគឺគាត់ត្រូវចំណាយដើមទុនជិត១០លានរៀល ហើយថវិកាទាំងនេះ ពួកគាត់ខ្ចីបុលគ្រឹះស្ថានហិរញ្ញវត្ថុតែ ប៉ុណ្ណោះ។

ដំណាំដំឡូងកសិករភាគច្រើនចាប់ផ្តើមដាំនៅខែមីនាឬមេសាហើយទទួលផលនៅចន្លោះខែវិច្ឆិកាដល់ខែមករា។ ទីផ្សារ ដំឡូងនៅពេលបច្ចុប្បន្នសម្រាប់ពលរដ្ឋនៅស្រុកមេមត់គឺត្រូវនាំទៅលក់ឱ្យប្រទេសវៀតណាមទាំងស្រុង។

ជំទប់ទី១ ឃុំជាំក្រវៀនលោក ហា ថន មានប្រសាសន៍ថា នៅពេលផលិតផល ដំឡូងមីចុះថោកគឺពិតជាបណ្ដាលឱ្យកសិកររងផលប៉ះពាល់ប្រាកដមែន។ លោកបន្ត ថាមូលហេតុចុះថោកពីព្រោះកម្ពុជាមិន មានទីផ្សារទូលំទូលាយពោលគឺលក់ឱ្យតែប្រទេសវៀតណាមមួយ ហើយតម្លៃឡើង ឬចុះអាស្រ័យលើវៀតណាមជាអ្នកកំណត់ប៉ុណ្ណោះ ។

អភិបាលរងខេត្តត្បូងឃ្មុំលោក ហាក់ សុខមករា មានប្រសាសន៍ថា កន្លងមក អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្ត បានជំរុញការដាំដុះដល់កសិករ ព្រមទាំងយកចិត្តទុកដាក់លើបញ្ហាតម្លៃលើទីផ្សារថែមទៀត។ ប៉ុន្តែលោកថា តម្លៃផលិត ផលខ្លះគឺប្រែប្រួលដោយសារទីផ្សារពិភពលោកប្រែប្រួលដូចគ្នា៕ សហការី

 

hqdefault


ចែករំលែក៖