ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធាន ទឹកនិងឧតុនិយមបានលើកឡើងថា ទឹក ជំនន់ទន្លេមេគង្គចាប់ផ្តើមហូរចូលតាមស្ទឹងព្រែកជាបណ្តើរៗហើយដែលនឹងមានភាព អំណោយផលខ្ពស់ដល់មុខរបរកសិកម្ម និងវិស័យជលផលកម្ពុជា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា នៅប៉ុន្មានថ្ងៃខាងមុខនេះទៀតទឹកជំនន់ទន្លេមេគង្គកាន់តែហក់ឡើងខ្ពស់ដែលអាចធ្វើឱ្យស្ទឹងបឹងព្រែកនានាជាប់នឹងដងទន្លេមានការពេញព្រៀប១០០ភាគរយ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ទឹក ជំនន់នេះមិនបង្កផលអវិជ្ជមានឡើយ ប៉ុន្តែ វាបានផ្តល់ផលវិជ្ជមានខ្ពស់ដល់ធនធាន មច្ឆជាតិអាចទៅពងកូននៅក្នុងព្រៃលិច ទឹកនិងការរីកលូតលាស់ល្អ។
លោកបានបន្តថា ស្ថានភាពទឹកនេះក៏ផ្តល់អំណោយផលច្រើនដល់ការងារកសិកម្មរបស់ប្រជាកសិករដោយសារតែទឹក ជំនន់បាននាំដីល្បាប់និងធ្វើឱ្យសត្វល្អិត ចង្រៃនិងស្មៅងាប់ក្លាយទៅជាជីសម្រាប់ ផលដំណាំ។
ក្រសួងបានត្រៀមបាវរហូតដល់ជាង ៤០ម៉ឺនបាវដើម្បីទប់ស្ទាក់ទឹកទុកមិនឱ្យ ហូរចេញទៅវិញនាពេលទឹកស្រកដែលជាកិច្ចអន្តរាគមន៍មួយសម្រាប់ការងារធ្វើស្រែចម្ការរបស់ប្រជាកសិករ។
លោកបានបន្តទៀតថា ការព្យាករដូច្នេះដោយសារតែប៉ុន្មានថ្ងៃនេះកម្ពុជាបានទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ជោគជំាស្ទើរពេញផ្ទៃប្រទេសហើយ បង្កឱ្យមានជំនន់ទឹកភ្លៀងនៅតំបន់មួយ ចំនួនដែលទឹកទំាងនោះនឹងត្រូវហូរចាក់មកកាន់ទន្លេ។
ម្យ៉ាងវិញទៀតអាងផ្ទៃរងទឹកភ្លៀងនៃ តំបន់មេគង្គលើក៏មានភ្លៀងធ្លាក់ច្រើនផងដែរ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមសម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្ពស់ទឹកទន្លេ បាសាក់ចតុម្មុខបានហក់ឡើងជាង៦ម៉ែត្រ ៨០ ខណៈដែលការព្យាករណ៍កម្ពស់ទឹក ជំនន់ប្រចាំឆ្នាំនេះមានកម្រិតកម្ពស់រហូត ដល់ជាង៩ម៉ែត្រកន្លះ។
សូមរម្លឹកថា កាលពីឆ្នាំទៅស្ថានភាព ទឹកជំនន់តូចមិនចូលស្ទឹងព្រៃធ្វើឱ្យកម្ពុជា ទទួលបានបរិមាណផលត្រឹមតែជាង៤០០ពាន់តោន ដែលធ្វើឱ្យតម្លៃត្រីធម្មជាតិឡើងថ្លៃ ហើយប្រជាពលរដ្ឋជាច្រើនពុំមានលទ្ធភាពធ្វើប្រហុកផ្អកដោយសារតែតំបន់មួយ ចំនួនពុំមានត្រី៕ ហេង សូរិយា