ភ្នំពេញ៖ កម្មវិធីនៃការប្រគំតន្ត្រីរបស់សប្បុរសធម៌ “តន្ត្រីសប្បុរសធម៌កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ”ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែកញ្ញា កន្លងទៅនៅក្នុងបុរីញូថោន(អូដឹម) ដើម្បីស្វែងរកថវិកាយកទៅសាងសង់សាលារៀននិងស្ពាននៅតំបន់ដាច់ស្រយាលមួយនៅខេត្តកោះកុងបាន បញ្ចប់រួចរាល់។
បើទោះបីជាចំនួនអ្នកចូលទស្សនាកម្មវិធីខាងលើមានចំនួនច្រើនក្តីក៏ថវិកាដែលរំពឹងបានពីការប្រគំតន្ត្រីខាងលើមិនទាន់គ្រប់ចំនួននៃការសាងសង់សាលា រៀននៅឡើយដែលធ្វើឲ្យតារាចម្រៀងរូបនេះនឹងបន្តសកម្មភាពច្រៀងនៅក្រៅប្រទេសនិកម្មវិធីប្រគំតន្ត្រីនៅតាមខេត្តទៀតដើម្បីបង្គ្រប់ថ្លៃសាងសង់សាលារៀននោះ។
លោក ទិត្យ វិច្ឆិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើតន្ត្រីសប្បុរសធម៌ក្នុងគម្រោងជួយ ដល់សាលារៀនមួយខ្នងនៅខេត្តកោះកុង ហើយមិនទទួលបានថវិកាពីការរ៉ៃអង្គាសតាមគ្រោងទុកលោកថា មិនរាថយនោះ ទេ។ លោកប្រកាសរៀបចំការប្រគំតន្ត្រី សប្បុរធម៌បែបនេះរហូតដល់២៥រាជធានីខេត្តនៅអំឡុងចុងឆ្នាំនេះ។ លោកទិត្យ វិច្ឆិកា លើកឡើងថាក្រោយបញ្ចប់ការប្រគំតន្ត្រីសប្បុរសធម៌អស់រយៈពេល៤ថ្ងៃ លោកទទួលបានថវិកា ជាង២៤លានរៀល ប៉ុណ្ណោះពីការរ៉ៃអង្គាសនិងតាំងស្ដង់របស់ម្ចាស់ក្រុមហ៊ុន។ លោកបន្តថាបណ្ដាសប្បុរស ជនជាច្រើនក៏បានផ្ដល់ការបរិច្ចាគជួយ ដល់គម្រោងសង់សាលានៅខេត្តកោះកុងដែលលោកលើកឡើងសរុបប្រមាណជា ១ម៉ឺនដុល្លារផងដែរ។
លោកថាជាការសោកស្ដាយដែលកម្មវិធីប្រគំតន្ត្រីមិនទទួលបានថវិកាឲ្យលើសពីការចំណាយ ប៉ុន្តែលោកថាការរៀបចំនោះក៏ធ្វើឲ្យអ្នកផលិតកម្មវិធីនៅប្រទេសកូរ៉េចាប់អារម្មណ៍និងផ្តល់កិត្តិយសឲ្យលោកនិងសិល្បករខ្មែរមួយចំនួនទៀតចេញទៅច្រៀងនៅប្រទេសកូរ៉េនៅដើមឆ្នាំ២០១៧ផងដែរ។ លោកថាគម្រោង សង់សាលាមួយខ្នងប្រើទុនប្រមាណជា ជាង៣ម៉ឺនដុល្លារ អ៊ីចឹងហើយទើបលោកសម្រេចចិត្តរៀបគម្រោងធ្វើការប្រគំតន្ត្រី ២៥រាជធានីខេត្តតែម្ដងចាប់ពីចុងឆ្នាំនេះ តទៅ ។ ទោះមិនទាន់គ្រប់ថវិកាក្នុងការសាងសង់ ប៉ុន្តែលោកនឹងចាប់ផ្តើមចុះទៅដល់មូលដ្ឋានទីតាំងគម្រោងសាងសង់ផ្ទាល់ដើម្បីចាប់ផ្តើមកសាងជាជំហ៊ានៗ។ លោករំពឹងថាការប្រគំតន្ត្រីមួយលើកៗលើកក្រោយនឹងមិនខាតដើមដូចអ្វីដែលទើបទទួលរងនោះទេដោយសារតែម្ចាស់ក្រុមហ៊ុនជាច្រើនក៏បានប្រកាសថាពួកគេនឹងទិញស្ដង់ដើម្បីឲ្យការប្រគំតន្ត្រីមានចំណូលមិនលំបាកដូចមុន។ លោកចាត់ទុកថាការប្រគំតន្ត្រី៤ថ្ងៃកន្លងទៅជាការស្ទាបស្ទង់ទីផ្សារ និងមាន ជំនឿជឿជាក់ថាការប្រគំតន្ត្រីស្វែងរក ថវិការហូតដល់២៤ខេត្តក្រុងខាងមុខនឹង ជោគជ័យ ដើម្បីទទួលបានថវិកាជួយសាងសង់សមិទ្ធផលជាប្រយោជន៍ដល់សង្គមមិនខកបំណងដូចលើកមុន។
លោក ម៉ៅ រតនា អគ្គនាយកក្រុមហ៊ុន RGB Media បានបញ្ជាក់ថាកម្មវិធីប្រគំ តន្ត្រីខាងលើមានការលំបាកមួយចំនួន ពិសេសទាក់ទងនឹងរដូវវស្សា ប៉ុន្តែតាម រយៈការសហការរួមគ្នានេះក៏ទទួលបានលទ្ធផលល្អប្រសើរមួយចំនួនដែរ។លទ្ធផលល្អប្រសើរគឺតាមរយៈអ្នកចូលរួមទស្សនា ច្រើន ហើយលោកទិត្យ វិច្ឆិកា ក៏ទទួលបានសំណើរឲ្យជួយជាបន្តបន្ទាប់។ លោកថាដោយសារការរៀបចំលឿនពេកធ្វើឲ្យអ្នកសហការឧបត្ថម្ភពិបាកសម្រេចចិត្តក្នុងការចូលរួមហើយជាមួយគ្នានេះមានកម្មវិធី ប្រគំតន្ត្រីតាំងពិព័រណ៍មានច្រើន។ ទោះជាយ៉ាងណាអ្នកឧបត្ថម្ភកម្មវិធីបានសន្យាក្នុងជួយដល់កម្មវិធីនាឱកាសបន្ទាប់ទៀត ។
លោកបញ្ជាក់ដែរថា ក្រុមហ៊ុនលោកនឹង បន្តសហការជាមួយនឹងកម្មវិធីពិព័រណ៍និងការប្រគំតន្ត្រីដូចគ្នានេះនៅតាមបណ្តាខេត្ត។ លោកបញ្ជាក់ដែរថា តាមរយៈការរៀបចំកម្មវិធីខាងលើនេះគឺសមាគមមួយនៅ ប្រទេសកូរ៉េបានចាប់អារម្មណ៍និងអញ្ជើញលោកទិត្យវិច្ឆិកានិងសិល្បករដទៃទៀតចេញទៅច្រៀងរកថវិកានៅទៅនោះដែលថវិកាបានពីការច្រៀងនឹងត្រូវចែកជាពីរផ្នែកគឺ មួយផ្នែកសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធរបុប្ផា និងមួយផ្នែកទៀតជួយដល់គម្រោងរបស់លោកទិត្យ វិច្ឆិកា។
គួរបញ្ជាក់ដែរថាលោក ទិត្យ វិច្ឆិកា រួម នឹងតារាចម្រៀង តារាសម្តែង តារាកំប្លែងខ្មែរមួយចំនួនដែលស្រលាញ់ចូលចិត្តសកម្មភាពសប្បុរសធម៌បាននាំគ្នារៀបចំកម្មវិធីប្រគុំតន្ត្រី និងតាំងពិព័រណ៍មួយដែលមាន រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបុរី ញូថោន(អូដឹម) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដើម្បីរៃអង្គាសប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារយកទៅធ្វើសាលារៀនមួយខ្នង៤បន្ទប់ បន្ទប់ទឹក២ និងស្ពាន ឆ្លងអូរប្រវែង៣០ម៉ែត្រគឺសាលបឋមសិក្សាឧបសម្ព័ន្ធអូរកី នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុងដែលជាតំបន់ដាច់ស្រយាល។សិល្បករដែលនឹងមានវត្តមានក្នុងកម្មវិធីប្រគុំតន្ត្រីនេះសុទ្ធតែជាសិល្បករសិល្បការិនីល្បីឈ្មោះនៅកម្ពុជាមានដូចជាកញ្ញា មាស សុខសោភា, លោក ខាត់ ជេម, លោក នេនទុំ, លោកអីុណូ, កញ្ញា ហង្ស សុជាតា, លោក ហេង ពិទូ, កញ្ញា យូរី, កញ្ញា អ៊ុន អាលីហ្សា, លោកនៅ ស៊ីនឿន ក្រុមតារាកំប្លែងទូរទស្សន៍CTNនិងសិល្បករជាច្រើនរូបទៀត៕ វឌ្ឍនា