ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត

ចែករំលែក៖

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត

ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបើកទ្វារទទួលសាធារណជនអោយចូលទស្សនាដោយសេរីជាលើកទី២នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ (ពីម៉ោង៩ព្រឹកដល់ម៉ោង៤:៣០នាទីរសៀល) ក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតតាមគំនិតផ្តួចផ្តើមរបស់បារាំង។ នៅក្នុងឱកាសពិសេសនេះ សាធារណជនអាចចូលទស្សនាអគារ និងទីកន្លែងនានា ដែលជាធម្មតាមិនត្រូវបានបើកអោយសាធារណជនចូលនោះឡើយ។

ដូច្នេះនៅថ្ងៃសៅរ៍នេះ ភ្ញៀវទាំងអស់អាចចូលទស្សនាអគារ រួមទាំងនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត និងឧទ្យានរបស់ស្ថានទូតបារាំង ដែលជាសួនបៃតងធំជាងគេនៅរាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដីទំហំ៤,៥ហិចតា។ ក្រៅពីដើមឈើធំៗ នៅក្នុងឧទ្យាននេះក៏មានរក្សាទុកនូវផ្ទាំងថ្មមួយចំនួនយកមកពីអតីតទីស្មសានបារាំងនៅភ្នំពេញ និងអតីតក្លោងទ្វារម្ខាងរបស់ស្ថានទូត ដែលត្រូវបានអ្នកនិពន្ធបារាំង François BIZOT ចងក្រងជាប្រវត្តិនៅក្នុងប្រលោមលោកល្បីមួយឈ្មោះថា «ក្លោងទ្វារ ឬ Le Portail » ។

ក្នុងពេលទស្សនា ភ្នាក់ងាររបស់ស្ថានទូតក៏នឹងរៀបរាប់ជូនសាធារណជនផងដែរអំពីគម្រោង «ស្ថានទូតបៃតង» ដែលត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងការបរទេសបារាំង ហើយអនុវត្តនៅស្ថានទូតបារាំងប្រចាំកម្ពុជាចាប់តាំងពីឆ្នាំ២០១១មក។ គម្រោងសកលនេះមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសន្សំសំចៃថាមពល តាមរយ:វិធានការនានាដូចជាការលើកស្ទួយការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការផ្សព្វផ្សាយអោយបុគ្គលិក យល់ដឹងពីសារសំខាន់នៃការរួមចំណែកការពារបរិស្ថានក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

ដោយបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនដំណាក់កាលពិសេសចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩១ ស្ថានទូតបារាំងប្រចាំកម្ពុជាបានតាំងនៅកន្លែងដដែលនេះអស់រយ:ពេលជាង៦០ឆ្នាំមកហើយ ហើយក៏ជានិមិត្តរូបនៃនិរន្តរភាពនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ស្ថានទូតត្រូវបានជួសជុលទាំងស្រុងឡើងវិញពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៥ដោយក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អអគារចាស់ៗទៅជាបណ្តុំអគារថ្មីមួយមានលក្ខណ:ស្អាតសមសួនជាមួយទេសភាពគួរអោយចង់គយគន់។

បន្ទាប់ពីជោគជ័យនៃការរៀបចំទិវាបេតិកភណ្ឌជាលើកទីមួយនៅស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីឆ្នាំ២០១៥ នៅ ក្នុងឆ្នាំនេះ អគារដែលមានតម្លៃបេតិកភណ្ឌមួយចំនួនផ្សេងទៀតក៏នឹងបើកទ្វារជូនសាធារណជនចូលទស្សនាដោយសេរីផងដែរ ក្នុងនោះមាននិវេសនដ្ឋានរបស់លោកឯកអគ្គរាជទូតអង់គ្លេស ការិយាល័យអង្គការយូណេស្កូ អគារដែលប្រមូលផ្តុំនូវទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ក្រុមហ៊ុន Asia Insurance និងភោជនីយដ្ឋាន VAN’S ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអភិរក្សអង្គរនៅសៀមរាប។ បែបបទនិងម៉ោងពេលទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ ដែលលោកអ្នកអាចចូលមើលបានផងដែរតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតបារាំង (www.facebook.com/france.cambodge)៕

 

ambassade-de-france_2 ambassade-de-france_1 ambassade-de-france_3


ចែករំលែក៖