ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះចាប់ឃាត់ម៉ូតូជាច្រើនគ្រឿងដែលមានកែឆ្នៃបំពង់ស៊ីម៉ាំងលាន់លឺខុសបច្ចេកទេស នៅក្នុងបឹងកក់យកទៅរក្សាទុក កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមូលដ្ឋានអាវុធហត្ថប្រចាំបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ម៉ូតូជាង២០គ្រឿងទាំងអូតូនិងដាក់លេខ ក្នុងនោះមានបំពាក់ស៊ីម៉ាំងលាន់លឺ ការកែច្នៃខុសបច្ចេកទេស ខុសពីទ្រង់ទ្រាយដើមត្រូវបានកម្លាំងជំនាញធ្វើការឃាត់ម្តងមួយៗនៅក្នុងមូលដ្ឋានបឹងកក់ជាបន្ដបន្ទាប់ ។
ជាក់ស្តែងអ្នកដែលជិះម៉ូតូដែលមានការកែច្នៃទាំងនេះ ភាគច្រើនសុទ្ធតែជាយុវជន ដែលមានវ័យជំទង់! ចំពោះម៉ូតូមួយចំនួន ដែលមានស៊ីម៉ាំងញ៉ុកទៅដោយបំណែកដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីម៉ាំងដែលកម្មង់ទិញពីក្រៅប្រទេសដែលមានសម្លេងរំខានខ្លាំងៗ ។
ដោយឡែក ម៉ូតូជាច្រើនគ្រឿងខាងលើត្រូវបានកម្លាំងអាវុធហត្ថប្រចាំបឹងកក់ធ្វើការលើកឡើងរថយន្តបញ្ជូនយកទៅរក្សាទុកនៅការិយាល័យខណ្ឌដូនពេញជាបណ្តោះអាសន្នរយ:ពេលប្រមាណ៣ខែទុកជាព្រមាន ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច