ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩កំរើកឡើងវិញ! មន្ទីរពេទ្យជាតិតេជោសន្តិភាពក៏រៀបចំគ្រែនិងបរិក្ខារពេទ្យត្រៀមទទួលអ្នកជំងឺ

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំទីកន្លែងរបស់ខ្លួនដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។ ការរៀបចំទីតាំងក៏ដូចជាសម្ភារៈ បរិក្ខារពេទ្យបម្រុងទុកនេះ គឺបន្ទាប់ពីជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី ហាក់កំរើកការឆ្លងរាលដាលឡើងវិញនៅក្នុងរយៈពេលចុងក្រោយនេះ។ 

លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាពបានបង្ហោះរូបភាពមួយចំនួនអមដោយការពិពណ៌នា អំពីការត្រៀមខ្លួនរបស់មន្ទីរពេទ្យឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៩ ខែឧសភានេះ។

ជុំវិញវិធានការការពារការផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះក្រសួងសុខាភិបាលបានជំរុញឱ្យពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខភាពសាធារណៈ។ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវី-១៩ ថ្មី ក្នុងសហគមន៍ចំនួន៦ករណី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ 

សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ គ្មានអ្នកឆ្លងថ្មី , មានអ្នកជាសះស្បើយ០១នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖ 

– ករណីឆ្លងសហគមន៍ គ្មានអ្នកឆ្លងថ្មី (អូមីក្រុង) 

– អ្នកដំណើរពីបរទេស គ្មាន

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ

– អ្នកឆ្លងសរុបស្មើ ១៣៩,៣៥៣ នាក់

– អ្នកជាសះស្បើយស្មើ ១៣៦,២៨៦នាក់

– អ្នកស្លាប់ស្មើ ៣,០៥៦ នាក់

កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ៕

ដោយ ៖ សិលា


ចែករំលែក៖