ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំមួយខ្សែកំពុងខូចខាតស្ទើរក្លាយជាត្រពាំងប្រជាពលរដ្ឋស្នើមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលផង

ចែករំលែក៖

ភ្នំពេញ : ផ្លូវលំមួយខ្សែ ស្ថិតនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កំពុងតែរង ការខូចខាតដោយអន្លើៗនិងកន្លែងខ្លះស្ទើរក្លាយជាត្រពាំងដោយសារតែមានរថយន្តបែនធំៗ ដឹកថ្ម ដឹកខ្សាច់ ដឹកអីវ៉ាន់លើស ទម្ងន់កំណត់បើកចេញចូលមិនថាថ្ងៃយប់នោះទេហើយម្យ៉ាងទៀតរថយន្តនេះឈប់ចតយ៉ាងអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ឡើយ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះបានសំណូមពរដល់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មេត្តាជួយជួសជុលផងដើម្បីឲ្យពួកគាត់
ងាយស្រួលធ្វើដំណើរទៅធ្វើការរកសុីទៅសាលារៀន និងទៅផ្សារ ។

ប្រជាពលរដ្ឋបន្តថា ដោយគ្មានការណែ នាំពីសមត្ថកិច្ចពាក់ព័ន្ធឲ្យចូលរួមថែទាំផ្លូវនេះ និងគ្មានហាមឃាត់រថយន្តបែនធំៗ បើកបរឆ្លងកាត់ធ្វើឲ្យខូចផ្លូវស្ទើរទាំងស្រុងជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះសម្តែងនូវការមិនពេញចិត្តជាខ្លាំង ។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះបានលើកឡើងទៀតថា កាលពីមុនផ្លូវនេះគ្រាន់តែជាផ្លូវលំធម្មតាប៉ុណ្ណោះហើយកាលពីមិនទាន់ធ្វើផ្លូវពួកគាត់មិនសូវឃើញមានរថយន្តបើកបរឆ្លងកាត់ផ្លូវនេះប៉ុន្មានឡើយ គឺមានតែរថយន្តដឹកកម្មករបើកឆ្លងកាត់ប៉ុណ្ណោះ។

ក្រោយមកផ្លូវមួយខ្សែនេះត្រូវបានស្ថាបនាឈូសឆាយពង្រីកជាផ្លូវក្រាលក្រួសរួច
ស្រាប់តែគេឃើញមានរថយន្តដឹកដី ដឹកថ្មនិងអីវ៉ាន់ធុនធំបើកឆ្លងកាត់តាមផ្លូវនេះយ៉ាងច្រើនបណ្តាលឲ្យផ្លូវនេះទទួលរងការខូចខាតដោយអន្លើៗ និងកន្លែងខ្លះស្ទើរក្លាយជាត្រពាំងពេលភ្លៀងធ្លាក់មកម្តងៗ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរតាមម៉ូតូ កង់ តែងរអិលដួលប្រឡាក់សម្លៀក បំពាក់ក៏មាន។ ពេលនេះគេនៅមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាចេញមកជួសជុលចាក់ដីឬឈូសឆាយបំពេញជង្ហុកទាំងនោះនៅឡើយទេគឺទុកឲ្យខូចខាតស្ទើរក្លាយជាត្រពាំងទៅហើយ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ផ្លូវ១ខ្សែនេះបានទទូចឲ្យមន្រ្តីពាក់ព័ន្ធមេត្តាជួយជួសជុលឬចាក់ដីឈូសឆាយបំពេញជង្ហុកទាំងនោះផងដើម្បីឲ្យពួកគាត់ងាយស្រួលធ្វើដំណើរទៅធ្វើការទាន់ពេល និងសមត្ថកិច្ចសូមមេត្តាចុះណែនាំដល់ក្រុមអ្នកបើករថយន្តដែលឈប់ចតយ៉ាងអនាធិបតេយ្យលើផ្លូវនេះផង៕ ជ្រោយពេជ្រ

image6 image5 image4 image3 image2 image1 image7


ចែករំលែក៖