ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន៣ភូមិក្នុងឃុំណងឃីលឹក ស្រុកកោះញែកបាននាំគ្នាត្អូញត្អែរអំពីផលវិបាកក្នុងការធ្វើដំណើរ ទៅទីរួមស្រុកក៏ដូចជាទីរួមខេត្តម្តងៗជួបការលំបាកយ៉ាងខ្លាំងនៅពេលមានភ្លៀងធ្លាក់បានធ្វើឲ្យតាមដងផ្លូវខូចលិចនិងដាច់ ជាច្រើនកន្លែង ។
ពួកគាត់បានលើកឡើងថា ផ្លូវមួយខ្សែ នេះខូចយូរមកហើយអាជ្ញាធរហាក់មិនសូវ យកចិត្តទុកដាក់ក្នុងការកសាងនិងជួសជុលថែទាំឲ្យបានល្អសម្រាប់ប្រជាពលរដ្ឋក្នុង ភូមិជីមាឌ ភូមិនងបួរ ភូមិកោះម្យើលលើ កោះម្យើលក្រោមធ្វើដំណើទៅមកនិងដឹកទំនិញកសិផលទៅលក់នៅលើទីផ្សាបានស្រួលនោះឡើយ ។
លោក យិន អន ប្រជាពលរដ្ឋរស់នៅក្នុង ភូមិជីមាឌ បានឲ្យដឹងថាផ្លូវមួយខ្សែនេះមានអូរហូរកាត់ផ្លូវទាំងតូចទាំងធំជិត១០កន្លែងក្នុងនោះអ្វីដែលលំបាកនៅពេលមានភ្លៀងខ្លាំងម្តងៗអូរជីមាឌ អូរអាទុំ អូរអាតែន អូរហុងពុង អូរលំគុក អូរនងវែងត្រូវបាន ដាច់និងច្រោះដាច់ស្ទើរគ្រប់កន្លែងពិបាកក្នុងការឆ្លងទៅមកហើយនៅកន្លែងអូរជីមាឌ ឆ្លងម្តងអស់៥០០០រៀល ។
លោកមេឃុំ ណង ឃីលឹក មិនអាចទំនាក់ទំនងបានប៉ុន្តែលោកមើក សឿន អភិបាលស្រុកកោះញែកបានឲ្យដឹងថាផ្លូវមួយខ្សែខាងលើនេះជាគម្រោងរបស់ខេត្តដែលមានលោក កែវ ប៊ុនថន ប្រធានការិយាល័យ ហិរញ្ញវត្ថុសាលាខេត្តជាអ្នកទទួលខុស ត្រូវ ព្រោះជាកញ្ចប់ថវិកាគុណប្រយោជន៍ របស់រដ្ឋាភិបាលសាលាខេត្តខាងស្រុកមិនមានការពាក់ព័ន្ធនោះទេ ប៉ុន្តែថ្នាក់ខេត្តបាន លើកគម្រោងស្នើសុំថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៧ក្នុងការកសាងស្ពាននិងដាក់លូហើយ ។
បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាផ្លូវក្រួសក្រហមមួយខ្សែនេះមានប្រវែង៤៧គីឡូមែ៉ត្រចាប់បំបែកពីផ្លូវជាតិលេខ៧៦ចូលទៅឃុំណងឃីលឹកដោយមានការ ឧបត្ថម្ភថវិកាចំនួន២លើករួចមកហើយពី ប្រទេសវៀតណាម គឺខេត្តដាក់ឡាក់ដែល ជាខេត្តជាប់ព្រំប្រទល់បានចំណាយរាប់ពាន់លានកោដិដុងដើម្បីកសាងនិងគ្រោង បើកច្រកអន្តរជាតិមួយខ្សែនេះទៀតនៅក្នុងខេត្តមណ្ឌលគិរី ។
ពាក់ព័ន្ទទៅនឹងព័ត៌មានខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកកែវ ប៊ុនថនបានទេ។ ដោយឡែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា មួយរយៈពេលនេះមានភ្លៀងធ្លាក់ច្រើនទឹកហូរខ្លាំងបានបណ្តាលឲ្យដាច់ផ្លូវជាច្រើនកន្លែងមែន ប៉ុន្តែលោកបានឲ្យក្រុមការងារចុះទៅពិនិត្យដើម្បីជួសជុល ហើយតែមិនដឹងលទ្ធផលយ៉ាងណានោះ ទេព្រោះខេត្តកំពុងរវល់។ លោកអភិបាល បន្តថាផ្លូវមួយខ្សែនេះជាគម្រោងរបស់ខេត្តមិនមានការឧបត្ថម្ភពីណាទេ ៕ ឦសាន