ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានរងរបួសបាក់ជើងម្ខាង បន្ទាប់ពីក្មេងស្ទាវពីរនាក់បានជិះម៉ូតូធំក្នុងល្បឿនលឿនដូចហោះបោលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខបញ្ជាការដ្ឋាកងរាអាវុធហត្ថខេត្តកំង់ឆ្នាំង ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះស៊ឹម គ្រី ភេប្រុស អាយុ៥៣ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូហុងដា សេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង១D-០០៨៨ ។
ចំណែកឯក្រុមក្មេងស្ទាវដែលជាអ្នកបង្ករ ម្នាក់ឈ្មោះ ហៃ លីហៀង ភេទប្រុស អាយុ២២ឆ្នាំ និងម្នាក់ទៀត ហួរ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ ឈ្មោះស៊ឹមគ្រី ដែលជិះម៉ូតូសេ១២៥ បានធ្វើដំណើរក្នុងទិសដៅពីលិច បត់ទៅទិសខាងជើង នៅពេលមកដល់ចំណុចកើតហេតុ ក៍មានម៉ូតូធំ១គ្រឿងធ្វើដំណើរក្នុងទិសដៅពីជើង បើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងបានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ប៉ើងខ្ទាតជាច្រើនម៉ែត្រ បណ្តាលអោយជនរងគ្រោះរងរបួសបាក់ជើងស្តាំម្ខាងតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
ប្រជាពលរដ្ឋបាននិយាយថា ស្ទាវពីរនាក់នេះបើកម៉ូតូព្រហើនខ្លាំងណាស់ឆាបឡាន ឆាបម៉ូតូពេញផ្លូវ សឹងរាល់ថ្ងៃទៅហើយ ហើយនៅពេលជួបឧប្បត្តិហេតុចឹងចង់រករឿងគេទៀត សូម្បីតែសមត្ថកិច្ចសួរក៍មិនចង់និយាយស្តីជាមួយផង ៕ ចន្ថា