ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ អឺរ៉ុបអាចប្រឈមការបែកបាក់គ្នាក្រោយពេលមានប្រទេសជាច្រើនចង់ដើរតាមអង់គ្លេស

ចែករំលែក៖

ក្រោយពេលអង់គ្លេសបានសម្រេចចាកចេញពីអឺរ៉ុបនោះ ធ្វើឲ្យសហគមន៍ដ៏ធំបំផុតលើពិភពលោកមួយនេះប្រឈមនឹងការ បែកបាក់គ្នាក្នុងពេល ដែលវិបត្តិជាច្រើន កំពុងកើតឡើងនៅអឺរ៉ុបក្នុងនោះមានវិបត្តិជន ភៀសខ្លួន និងសេដ្ឋកិច្ចជាដើម ។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីលោក Vitaly Tretyakov បានបញ្ជាក់ថា វាសនាសហគមន៍អឺរ៉ុបនាពេលនេះមានភាពល្អ ប្រសើរ តែពេលខាងមុខមិនអាចប្រសើរ ដូចនេះទៀតឡើយ ។ ស្ថានភាពនៅអឺរ៉ុបមិនខុសអ្វីពីជោគវាសនារបស់អតីតសហភាពសូវៀតនោះឡើយ ។ សូវៀតបានរស់រានមានជីវិតជិត៧០ឆ្នាំជាពេលវេលាមួយយ៉ាងយូរ តែទីបំផុតក៏ត្រូវតែបែកបាក់ ។

ចំណែកសហគមន៍អឺរ៉ុបក៏នឹងត្រូវបែកបាក់ពេលមានអាយុកាលដូចទៅនឹងសូវៀតគឺអំឡុងឆ្នាំ២០២២ខាងមុខ។ រយៈពេល៧០ឆ្នាំមិនមែនជាពេលវេលា ខ្លីនោះឡើយគឺត្រូវឆ្លងកាត់៣ជំនាន់មនុស្ស ដឹកនាំ។ ជំនាន់ជីតាបានបង្កើតឡើងនិង សាងសង់នូវអ្វីដែលថ្មីៗ។ ជំនាន់កូនចៅ ទទួលបាននូវអ្វីដែលថ្មីៗពីជីតា ហើយប្រើ ប្រាស់វាមិនបានគិតដល់ភាពខុសឆ្គងនោះឡើយ។ ចំណែកជំនាន់កូនចៅគឺមិនបាន មើលឃើញពីសភាពល្អអត់ខ្ចោះដែលជំនាន់មុខបន្សល់ទុកនោះឡើយ។ លើសពីនេះទៅទៀតអ្នកជំនាន់ក្រោយបានបោះបង់ទស្សនៈរបស់អ្នកជំនាន់មុនបំផ្លាញអ្វីដែលអ្នកជំនាន់មុនខិតខំបង្កើតឡើងទីបំផុតក៏ដួលរលំ។ ប្រវត្តិសាស្ត្រសូវៀតបានវិវឌ្ឍ
ដូចខាងលើ។ ពេលនេះសហគមន៍អឺរ៉ុបកំពុងតែធ្វើដំណើរតាមគន្លងសូវៀតនៅ
ពេលដ៏ខ្លីខាងមុខជំនាន់ ក្រោយរបស់អឺរ៉ុប នឹងក្លាយជាកម្លាំងនយោបាយដ៏សំខាន់
របស់សហគមន៍។

តើមូលហេតុណាមួយដែលធ្វើឲ្យសហភាពសូវៀតដួលរលំ? ការដួលរលំដោយសារតែការគ្រប់គ្រងរដ្ឋប-លមិនបានល្អ ផលប្រយោជន៍ផ្ទាល់ខ្លួនផ្តោតសំខាន់ទៅលើក្រុមអភិជន វិវាទផ្ទៃក្នុង ដែលទាំងនោះ ហើយជាហេតុផលធ្វើឲ្យសូវៀតត្រូវដួល រលំ ។ មូលហេតុមួយទៀតដែលធ្វើឲ្យសូវៀតដួលរលំនោះគឺការចោទប្រកាន់
ទោសគ្នាទៅវិញទៅមកស្តីពីអ្នកណាត្រូវចិញ្ចឹមអ្នកណាអ្នកណាត្រូវធ្វើការអ្នកណាត្រូវនៅទំនេរ។ ដូចជាថ្ងៃនេះនៅក្នុងសហគមន៍អឺរ៉ុបមិនខុសអ្វីពីសូវៀតនោះឡើយ ដូចជាសាធារណរដ្ឋនៅភាគខាងជើងនិងភាគខាងត្បូងបានចោទប្រកាន់គ្នាទៅវិញទៅមកពីបញ្ហាដូចខាងលើ។ នៅអឺរ៉ុបពេល នេះប្រទេសសហគមន៍អឺរ៉ុបកំពុងតែចោទ ប្រកាន់គ្នាទៅវិញទៅមក ។ ការចោទប្រកាន់គ្នាបានក្លាយទៅជាការពិភាក្សានៅតាម ប្រព័ន្ធផ្សព្វផ្សាយធ្វើឲ្យស្ថានភាពផ្ទុយ ស្រឡះពីការពិត។

មួយវិញទៀតហេតុដែលធ្វើឲ្យសូវៀត ដួលរលំនោះគឺជាតិសាសន៍និយមការ
ប្រកាន់វណ្ណៈធ្វើឲ្យបែកបាក់ក្នុងសង្គម។ ថ្ងៃនេះរូបភាពខាងលើកំពុងតែកើតឡើងនៅក្នុងសហគមន៍អឺរ៉ុប។ អឺរ៉ុបក៏បានទទួល ស្គាល់ថា គោលនយោបាយពហុវប្បធម៌ របស់អឺរ៉ុបបានបរាជ័យ។ ចំណែកសូវៀត ពេលនោះនយោបាយពហុវប្បធម៌ទទួល បានជោគជ័យយ៉ាងខ្លាំងពលរដ្ឋគ្រប់ជាតិសាសន៍មានមិត្តភាពយ៉ាងល្អប្រសើរ។ ពេលនោះសូវៀតមិនមានបញ្ហារឿងជន អន្តោប្រវេសន៍នោះឡើយ តែអឺរ៉ុបពេល នេះកំពុងតែប្រឈមនឹងជនអន្តោប្រវេសន៍ជាច្រើនចូលអឺរ៉ុបក៏ជាផ្នែកមួយនៃការគំរាមអឺរ៉ុបឲ្យបែកបាក់គ្នាផងដែរ។

បញ្ហាដ៏សំខាន់របស់សហគមន៍អឺរ៉ុបនាពេលនេះគឺបំណុលនិងវិបត្តិសេដ្ឋកិច្ចដែលកំពុងតែគំរាមកំហែងដល់ការស្លាប់រស់របស់អឺរ៉ុប ។ មានប្រទេសខ្លះពេលនេះក៏មាន
បំណងចង់ចាកចេញពីសហគមន៍អឺរ៉ុប
ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនដែរ។

អ្នកវិទ្យាសាស្ត្រនយោបាយរុស្ស៊ីបញ្ជាក់ថា អាមេរិកបានយកចិត្តទុកដាក់ដល់អឺរ៉ុបដោយសារតែនយោបាយនិងដើម្បីការពារសម្ពន្ធមិត្តណាតូឲ្យមានភាពរឹងមាំ។

ប្រទេស អឺរ៉ុបក៏ត្រូវការរុស្ស៊ីជួយផងដែរ ហើយប្រសិន បើរុស្ស៊ីលូកដៃនោះអឺរ៉ុបកាន់តែប្រេះឆាខ្លាំងឡើងហើយការបែកបាក់នឹងកើតមានឡើងជាមិនខាន។ មិនថាឡើយ តែអឺរ៉ុប រុស្ស៊ីក៏ មានបំណងធ្វើឲ្យអាមេរិកត្រូវបែកខ្ញែកដូចជាសូវៀតអ៊ីចឹងដែរ។

កាលពីសង្គ្រាមត្រជាក់រវាងអាមេរិក នឹងសហភាពសូវៀត អាមេរិកបានធ្វើឲ្យ សូវៀតដែលជាប្រទេសដ៏ធំមួយទៅជា ប្រទេសតូចៗជាច្រើន ចំណែកសូវៀតនៅសល់តែស្នូលកណ្តាលប៉ុណ្ណោះ។ បើមានសង្គ្រាមត្រជាក់កើតឡើងជាថ្មីនោះតើរុស្ស៊ី អាចសងសឹកអាមេរិកដោយបំបែករដ្ឋជាច្រើនរបស់អាមេរិកឲ្យទៅជាប្រទេសឯក រាជ្យចេញពីអាមេរិកដែរឬទេ? សង្គ្រាម
ត្រជាក់រវាងអាមេរិកនឹងរុស្ស៊ីអាចនឹងកើតឡើងគ្រប់ពេលប្រសិនបើមេដឹកនាំប្រទេស ទាំង២មិនអត់ធ្មត់ដល់ទីបំផុតទេនោះ។

ការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកក៏ដូចយុទ្ធសាស្ត្រយោធានៅជាប់ព្រំដែនរុស្ស៊ី
និងអង្គការណាតូអាចជំរុញឲ្យមានការប្រកួតប្រជែងសព្វាវុធរវាងអាមេរិកនឹង រុស្ស៊ី។

សារព័ត៌មាន Business Times បាន ផ្សព្វផ្សាយថា រុស្ស៊ីចង់ឲ្យរដ្ឋតិចសាស់
របស់អាមេរិកផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេ រិកទៅជាប្រទេសឯករាជ្យមួយ។ ប្រព័ន្ធ
ផ្សព្វផ្សាយអាមេរិកបានបញ្ជាក់ថា រុស្ស៊ីនៅពីក្រោយក្រុមផ្តាច់ខ្លួនរដ្ឋតិចសាស់ដូចដែលរុស្ស៊ីបានធ្វើទៅលើពលរដ្ឋនៅតំបន់ស្វយ័ត គ្រីមៀអតីតប្រទេសអ៊ុយក្រែនពេលនេះបានបញ្ចូលក្នុងដែនអធិបតេយ្យរបស់រុស្ស៊ី។

សារព័ត៌មាន Business Times បាន ផ្សាយថា អ្នកសារព័ត៌មាន Casey Michel មកពីសារព័ត៌មាន Politico បានរកឃើញពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងចម្លែក រវាងក្រុមបដិវត្តន៍តិចសាស់ TNM នឹងក្រុមគាំទ្រផ្តាច់ខ្លួនរដ្ឋតិចសាស់ចេញពីសហរដ្ឋអាមេរិក។

តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកលោក Nathan Smith អ្នកទទួលបន្ទុកគោល នយោបាយការបរទេសរបស់ TNM ពេលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ីក៏បានរំលឹកដល់ លោក Smith ហើយប្រើប្រាស់ឈ្មោះរបស់ លោកដើម្បីថ្កោលទោសអាមេរិកថា “អាមេរិកមិនមានរបបប្រជាធិបតេយ្យពេញលេញនោះឡើយ គឺជារបបផ្តាច់ការ”។

វិមានប្រធានាធិបតីរុស្ស៊ីក៏បានពិភាក្សាពីបញ្ហាតិចសាស់នៅតាមប្រព័ន្ធអុីនធើណេតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីក្នុងនោះមានទាំងប្រធានាធិបតី ពូទីន បាននិយាយអំពីបញ្ហារដ្ឋតិចសាស់នៅក្នុងសុន្ទរកថារបស់លោក។ លោក ពូទីនធ្លាប់បានបញ្ជាក់ថា អាមេរិកបានឆក់យករដ្ឋតិចសាស់ពីប្រទេសមិចស៊ីកូ៕  ម៉ែវ សាធី

europe-brexit


ចែករំលែក៖