ភ្នំពេញ៖ រថយន្តកូរ៉េដឹកដឹកទំនិញមួយគ្រឿងខណៈមេឃកំពុងភ្លៀងរលឹមបានជ្រុលទៅកៀរឡំប្រឺតា រងការខូចខាត ហើយបន្តទៅបុកនិងរថយន្តកំពុងបេីកឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាតបន្តទៀត ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥ នៅតាមផ្លូវលេខ២១៧ ទល់មុខផ្សារស្ទឹងមានជ័យចាស់កែងផ្លូវបេតុងថ្មី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 3627 ជិះជាលក្ខណៈគ្រួសារ បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងថ្មី ចេញពីក្នុងភូមិ ទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកេីតហេតុបានបេីកឆ្លងផ្លូវស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តប្រភេទកូរ៉េដឹកទំនិញ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3H-6767 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ទិសដៅពីលិចទៅកេីត ហ្វ្រាំងមិនជាប់ក៍ជ្រុលទៅកៀរនិងម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1T9871 ដែលជិះដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបណ្តាលឲ្យរងការខូចខាតតិចតួច ហើយរថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុករថយន្ត ស៊ីណា ដែលបេីកឆ្លងផ្លូវបណ្ដាលឲ្យ ដាច់កង់មុខចំហៀងខាងឆ្វេង និងកំពិតថ្ពាល់មុខចំហៀងខាងឆ្វេងតែសំណាងល្អក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
បន្ទាប់ពីកេីតហេតុ មានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តកូរ៉េបានចេញថ្លៃជួសជុលអោយវិញដើម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ