ខេត្តព្រះសីហនុ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Xu Kunlin អភិបាល ខេត្ត Jiangsu របស់ចិន ចូលរួម ជាអធិបតីក្នុង «ពិធីអបអរសាទរការទទួលបាន ក្រុមហ៊ុន វិនិយោគ ចំនួន២០០» នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” ។
កម្មវិធី ប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា នេះ ហើយ ប្រមុខ រដ្ឋាភិបាល ក៏មានពិធីសំណេះសំណាល ជាមួយកម្មករ នយោជិតផងដែរ។
លោក ហេង សួរ បានឱ្យដឹងថា ៖ កន្លងមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីនៅខេត្តព្រះសីហនុចំនួន ៥លើក ក្នុងនោះនៅឆ្នាំ២០១៦ សម្តេចតេជោ ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ។ ចំណែកកម្មវិធីថ្ងៃនេះជាលើកទី១ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងនាមជាអធិបតីដើម្បីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត។
លោក ហេង សួរ ជម្រាបជូនសម្តេចធិបតិថា ៖ គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២ លាននាក់ ដល់ប្រមាណ ១,៨៧ លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥.៩ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែ វិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧ សហគ្រាស មានកម្មករនិយោជិត ប្រមាណ ៩៧ ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក ៕
ដោយ ៖ សិលា