យោងតាមសារព័ត៌មាន RT នាយកវិទ្យាស្ថានស្រាវជ្រាវ Gamaleya នៃប្រទេសរុស្ស៊ី លោក Alexander Gintsburg បានព្រមានថា មេរោគផ្តាសាយបក្សី H5N1 ដែលរីករាលដាលនៅក្នុងសត្វឆ្មាអាចឆ្លងដល់មនុស្ស ហើយអាចផ្ទុះទៅជាជំងឺរាតត្បាតដ៏សាហាវមួយ។
វិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់រុស្ស៊ី គឺជាទីភ្នាក់ងារនៅពីក្រោយការស្រាវជ្រាវ និងផលិតវ៉ាក់សាំង Sputnik V ប្រកបដោយជោគជ័យ ដែលជាវ៉ាក់សាំង COVID-19 ដែលបានចុះបញ្ជីដំបូងបង្អស់របស់ពិភពលោក។
អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានប្រាប់ Izvestia នៅថ្ងៃទី 21 ខែឧសភាថា “គំរូវ៉ាក់សាំងត្រូវតែឆ្លងកាត់ការសាកល្បងព្យាបាលដំណាក់កាលទី 1 និងទី 2 សម្រាប់ប្រភេទវីរុសដែលអាចចម្លងបានខ្ពស់មិនត្រឹមតែរវាងសត្វប៉ុណ្ណោះទេថែមទាំងពីមនុស្សទៅមនុស្សផងដែរ” ។
លោក Gintsburg បាននិយាយថា ការផ្លាស់ប្តូរថ្មីនៃមេរោគ H5N1 អាចអនុញ្ញាតឱ្យវាចម្លងតាមខ្យល់ទៅមនុស្ស និងនាំឱ្យមានវិបត្តិជាមួយនឹងលទ្ធផលអាក្រក់ជាងការរីករាលដាលនៃជំងឺផ្តាសាយទៅទៀត។ គាត់បានព្រមានថា “អត្រាមរណភាពគឺ 50-70% ហើយប្រសិនបើមានខ្យល់ នោះ អាចគ្រោះថ្នាក់ជាងជំងឺអុតស្វាទៅទៀត។
លោក Gintsburg បានសង្កត់ធ្ងន់ថា ការគំរាមកំហែងនេះគឺធ្ងន់ធ្ងរណាស់ ដែលរុស្ស៊ីចាំបាច់ត្រូវបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះភ្លាមៗ។ លោកបានបន្តថា គំរូមួយគួរតែត្រៀមខ្លួនជាស្រេចសម្រាប់ការផលិតក្នុងរយៈពេល ៣ ទៅ ៤ សប្តាហ៍ ហើយអាចប្រើបានជាសាធារណៈ។ ទោះយ៉ាងណាលោកកត់សម្គាល់ថាមិនទាន់មានកម្មវិធីបែបនេះនៅឡើយទេ។
នៅដើមខែឧសភា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Maryland (សហរដ្ឋអាមេរិក) បានកត់ត្រាការកើនឡើងនៃករណីជំងឺផ្តាសាយបក្សីចំពោះសត្វឆ្មាក្នុងស្រុក។ ការស្រាវជ្រាវដោយផ្អែកលើទិន្នន័យរយៈពេល 2 ទសវត្សរ៍បានរកឃើញការឆ្លងជាង 600 នៅក្នុងសត្វឆ្មានៅទូទាំងប្រទេសចំនួន 18 ជាមួយនឹងអត្រាមរណភាពលើសពី 50% ។
អ្នកស្រាវជ្រាវបានព្រមានថាឆ្មាក្នុងស្រុកងាយនឹងកើតជំងឺផ្តាសាយបក្សី និងមានសក្តានុពលក្នុងការចម្លងជំងឺពីសត្វទៅមនុស្ស ដោយបង្ហាញពីហានិភ័យចំពោះមនុស្សដែលទាក់ទងជិតស្និទ្ធជាមួយសត្វអំឡុងពេលមានការផ្ទុះឡើង៕
ដោយ៖ ធីរីណា(រូបថត៖ Getty Images)