ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតមិត្តភាពជាមួយបណ្តាប្រទេសទាំងអស់?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនបានជ្រើសរើសយកស្ពៃ ចោលសាច់គោដូចការចោទប្រកាន់មួយចំនួននោះទេ ពោលគឺរាជរដ្ឋាភិបាលមានគោលនយោបាយបង្កើតមិត្តភាពជាមួយបណ្តាប្រទេសទាំងអស់ដោយមិនរើសអើងប្រទេសណាមួយនោះទេឱ្យតែមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។

នៅក្នុងពិធី «អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពិភពលោកមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ជាក់ស្តែងកម្ពុជាក៏គ្មានជម្រើសរើសអ្នកណាទាត់ចោលអ្នកណានោះដែរ ពោលគឺកម្ពុជានឹងស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដើម្បីសេដ្ឋកិច្ចជាតិ ដើម្បីជំរុញការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយធ្វើការទាក់ទាញការវិនិយោគពីគ្រប់បណ្តាប្រទេសទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលជ្រើសរើសយកទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ សំដៅធ្វើយ៉ាងណាដើម្បីផ្តល់ជីវជាតិដល់រាងកាយឱ្យមានសុខភាពល្អដែលសំដៅទៅលើសេដ្ឋកិច្ចជាតិ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលជំហរម្ដងទៀតរបស់កម្ពុជា ដោយមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត ដូចអ្វីដែលសម្ដេចធ្លាប់លើកឡើងបញ្ជាក់ជារឿយៗ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «នៅពេលដែលអាមេរិក និងចិន មានការចរចារគ្នារឿងពាណិជ្ជកម្ម គេចោទថារដ្ឋាភិបាលខ្មែរយកស្ពៃ យកសាច់គោ ហើយខ្ញុំធ្លាប់និយាយម្ដងហើយនៅកំពត មិនថាស្ពៃ មិនថាសាច់គោ មិនថាបង្គា បង្កង កំពឹស មិនថាផ្លែឈើ កម្ពុជាយកទាំងអស់មិនថាប្រទេសណាទេ។ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ពិតណាស់ផ្ដួចផ្ដើមដោយរដ្ឋាភិបាលកម្ពុជា-ចិន តែក៏មានរោងចក្រសហគ្រាសពីអាមេរិក ពីបារាំង ពីអឺរ៉ុប ពីប្រទេសផ្សេងៗនៅទីនេះ បានន័យថាយើងយកទាំងអស់ ដោយមិនប្រកាន់រើសអើងអ្នកណាទេ»។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា សូម្បីតែប្រទេសមហាអំណាចមិនរើសអើងគ្នាផង តាំងពីការចរចារឡើងកម្ដៅដាក់គ្នារហូតមកត្រជាក់វិញ ដូច្នេះយើងអាចសន្មតថាពិភពលោកមិនអាចរស់ខ្វះគ្នាបានទេ ហើយកម្ពុជារឹតតែគ្មានជម្រើសជ្រើសប្រទេសណាចោលប្រទេសណាដែរ ដើម្បីសេដ្ឋកិច្ចរបស់ជាតិ ដោយផ្ដល់ការងារជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់៕

ដោយ ៖ សិលា


ចែករំលែក៖