ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម៖ យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព ខណៈទទួល បានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់សរុបចំនួន ៩៨៦,៩២៥ដុល្លារ។ ការថ្លែងបែបនេះក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលខាងលើនោះ គឺផ្តើមចេញ ដោយកត្តា ប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាស ពេញលេញ ក្នុងការប្រកបមុខរបរទទួលទាន មានបាន មានជីវភាពធូរធារ ទើបមានថវិកាគ្រប់គ្រាន់ ដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា តាមរយៈព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តសុទស្សនារាមជ្រោយថ្ម ដើម្បីកសាងព្រះវិហារថ្មី ដែលមានតម្លៃរហូតដល់ទៅ ជាង ៩៨ម៉ឺនដុល្លារអាមេរិកនេះ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការកសាងព្រះវិហារ ដែលជាសមិទ្ធផលដ៏ធំ ហើយ ល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់ សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវ ទេសចរណ៍ ឱ្យចូលមកទស្សនាកម្សាន្តទៀតផង ព្រោះកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូល មកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្តា ស្រុកមួយចំនួនផងដែរ ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្ត មិនល្អ ជាក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរទៀតផង ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពនៃការចម្លងវីរុស កូវីដ-១៩ នៅតែបន្តមាននៅឡើយ ៕

ដោយ៖តារា


ចែករំលែក៖