ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារដុតគល់ឫស្សីនិងគល់ឈើខាងក្រៅផ្ទះ ហើយផ្ទុះគ្រាប់លាន់ដូចរន្ទះបាញ់បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលនិងបញ្ជូនជនសង្គ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
បើតាមលោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងថា បុរសរងគ្រោះមានឈ្មោះព្រាប គន្ធា អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
លោកបន្តថា ករណីផ្ទុះគ្រាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០ នាទីថ្ងៃទី ២៣ ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋឈ្មោះ អ៊ូ ហុំ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានរាយការណ៍ថា មានករណីដុតគល់ឫស្សីនិងគល់ឈើខាងក្រោយផ្ទះហើយបានផ្ទុះគ្រាប់បណ្តាលឲ្យមានមនុស្សរងរបួស។
ក្រោយពីទទួលបានព័ត៌មានហើយកម្លាំងប៉ុស្តិ៍បានសហការជាមួយមេភូមិ និងលោកស្រីមេឃុំចុះដល់កន្លែងកើតហេតុ និងបានស្តាប់ការបំភ្លឺពីឈ្មោះអ៊ូ ហុំ ដែលបានបំភ្លឺថា បុរសខាងលើបានរងរបួសត្រូវចំភ្លៅខាងឆ្វេងដោយសារផ្ទុះគ្រាប់ ពេលនេះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ថា គ្រាប់ដែលផ្ទុះនេះជាប្រភេទគ្រាប់អ្វីនោះទេ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច